ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការបាក់ទំនប់ស្ទាក់ទឹកស្អាតនៅតំបន់ក្បាលឆាយ 

ព្រឹកថ្ងៃអង្គារទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមហ៊ុន អានកូ ជាក្រុមហ៊ុនផលិតទឹកស្អាតនៅតំបន់ដីជម្រាលក្បាលឆាយ ចុះពិនិត្យទំនប់ស្ទាក់ទឹកស្អាត ដែលត្រូវបានទឹកហូរច្រោះដាច់កាលពីថ្ងៃទី២២ ខែមិថុនា ២០២៥កន្លងមកនេះ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ  ។
ក្នុងឱកាសដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងទំបន់ទប់ទឹកស្អាតក្បាលឆា ដែលបានបាក់កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥កន្លងមក ដោយសារជំនន់ទឹកភ្លៀង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់មន្រ្តីបច្ចេកទេស ត្រូវសិក្សាវាយតម្លៃឪ្យបានលឿន ឆាប់ និងសិក្សាស៊ីជម្រៅ ដើម្បីធានាថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងថាតើ យើងត្រូវបង្វែទឹកទៅទីតាំងណា ឬសិក្សាធ្វើទំនប់បង្ហៀរបញ្ចៀសកំុឪ្យទឹកច្រើនបណ្តាលឪ្យបាក់ច្រោះទំនប់ដូចពេលនេះទៀត ជាពិសេសទំនប់ត្រូវធ្វើការពិនិត្យ សិក្សា និងបង្ហាប់គ្រឹះឪ្យបានរឹងមាំ ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំទៅមន្ទីរជំនាញមានដូចជា មន្ទីរដែនដី មន្ទីរធនធានទឹក មន្ទីរសាធារណការ និងក្រុមហ៊ុនអានកូរ ផលិតទឹកស្អាត ត្រូវធ្វើការសហការគ្នាសិក្សាប្រព័ន្ធទំនប់ទឹកស្អាតនេះ ដើម្បីធានាថា ទំនប់របស់យើងមិនមានបញ្ហាអ្វីកើតឡើងនៅរដូវវស្សា ជាពិសេសការរក្សាទឹកស្អាតទុកសម្រាប់ការប្រើប្រាស់ទាំងរដូវវស្សា និងរដូវប្រាំង ព្រោះតំបន់ជម្រាលក្បាលឆាយនេះ ជាប្រភពទឹកស្អាតសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ក្រុងកំពង់សោម ស្រុកស្ទឹងហាវ និងមួយផ្នែកនៃស្រុកព្រៃនប់ផងដែរ ប្រសិនបើយើងមិនបានព្យាករណ៍ទុកជាមុនឪ្យបានត្រឹមត្រូវនោះទេ នៅពេលខែប្រាំងក្រុង ស្រុករបស់យើងប្រាកដជាកង្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រោះខេត្តព្រះ សីហនុ ជាខេត្តទេសចរណ៍តំបន់ឆ្នេរ ទន្ទឹមនោះខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលទៅលើវិស័យជាច្រើនមានដូចជា វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមការងារត្រូវដាក់ភ្លើងបំភ្លឺផ្លូវ ឬស្លាកសញ្ញាកន្លែងដែលទឹកហូច្រោះដាច់ទំនប់ ដើម្បីធានាកុំឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់នៅពេលយប់ ៕