ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួប ពិភាក្សា ការ ងារ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារ ពិភពលោក ប្រចាំប្រទេសកម្ពុជា, វៀតណាម, និងឡាវ

នៅព្រឹកថ្ងៃ អង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតទទួល ជួបពិភាក្សា ការ ងារ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារ ពិភពលោក ប្រចាំប្រទេសកម្ពុជា, វៀតណាម, និងឡាវ (World Bank’s Director Division for Vietnam, Cambodia, and Lao PDR) ។
ជាមួយការវាយតម្លៃ ខ្ពស់ ចំពោះ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារពិភពលោក នាពេលកន្លង មក, លោកស្រី ម៉ារីយ៉ាម សឺរមែន បានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារ ពិភពលោក ក្នុង ការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារ ពិភពលោក ឆ្នាំ២០២៥-២០២៩ (Country Partnership Framework – CPF 2025-2029) ។ ដើម្បី ឆ្លើយតបទៅតម្រូវការជាអាទិភាពរបស់កម្ពុជា ស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាល ទី ៧ នៃ រដ្ឋសភា, លោកស្រី ក៏បាន រាយការណ៍អំពីការ វិភាគ ថ្មី “Country Growth and Jobs Report” ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណងពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមកក៏ដូចជា វាយ តម្លៃអំ ពី កំណើន និងការងារ របស់ប្រទេស ជា សមាជិក រួមទាំង កម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួល ដល់ រាជរដ្ឋាភិបាល ក្នុង ការ ដាក់ ចេញ វិធានការ អន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែល ជាគោលដៅអភិវឌ្ឍន៍ ដ៏ចម្បង របស់ ធនាគារ ពិភពលោក ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង ធនាគារ ពិភពលោក សម្រាប់ការបន្តគាំទ្រ ដល់ការអភិវឌ្ឍ របស់ កម្ពុជា ដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យ ហេដ្ឋា រចនា សម្ព័ន្ធតភ្ជាប់ និង ការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍ គោល នយោបាយ (Development Policy Operation) ដើម្បី ពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែ ច្រវ៉ាក់ ផលិតកម្ម, ការ ពង្រឹង ភាព ប្រកួត ប្រជែង, និងការ បង្កើន ការងារធ្វើ សំដៅជំរុញកំណើន និងការ អភិវឌ្ឍ របស់ កម្ពុជាឱ្យ កាន់ តែ លឿន រហ័ស ។ សម្រាប់ ឆ្នាំ ២០២៦ នេះ, កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០ លានដុល្លារអាម៉េរិក ហើយគ្រោងនឹង បង្កើនទំហំ ហិរញ្ញ ប្ប ទាននេះ បន្ថែមទៀត តាម រយៈការកៀរគរ ពីប្រភព ផ្សេងៗ ទៀត ក្នុង ឆ្នាំ បន្ត បន្ទាប់ ។
ជាមួយគ្នានេះ, ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលដូចជា គោល នយោបាយ ពន្ធ គយ បដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ,ឯកឧត្តម អគ្គ បណ្ឌិត សភា ចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹង កិច្ចសហប្រតិបត្តិការ ឱ្យកាន់ តែជិត ស្និទ្ធ បន្ថែមទៀត លើវិស័យ គន្លឹះ ដូចជា៖ ១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់ សុវត្ថិភាព ក្នុង វិស័យ ហិរញ្ញ វត្ថុ និងកម្មវិធី វាយ តម្លៃ វិស័យ ហិរញ្ញវត្ថុ, ២. វិស័យ គាំពារ សង្គម ដែល ផ្តោត លើការ បន្ត ពង្រឹង សមត្ថភាព ទាំង យន្តការ និងការ វិភាជ ធនធាន ឆ្លើយ តប ឱ្យ បាន រហ័ស ទាន់ ពេល វេលា ក្នុង ពេលមានវិបត្តិ ជាពិសេស បន្ត គាំទ្រដល់ ជនងាយ រង គ្រោះ ឱ្យ កាន់តែ មាន ប្រសិទ្ធភាព ក្រោម ក្រប ខ័ណ្ឌ គោល នយោបាយ ជាតិគាំពារ សង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការ ចូលរួមពី វិស័យ ឯកជន នៅកម្ពុជា ក្នុង វិស័យ ថាមពល; និង ៤. ការ បន្ត អភិវឌ្ឍ វិស័យ ហេដ្ឋា រចនា សម្ព័ន្ធ តភ្ជាប់ និង ការអភិវឌ្ឍមនុស្ស ជាដើម ។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត, លោកស្រី ម៉ារីយ៉ាម សឺរមែន ក៏បានជូនដំណឹងថា ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួល បន្ទុក តំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដែល ទើបចូលកាន់តំណែងថ្មី គ្រោងនឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងពេលឆាប់ៗ ខាង មុខ នេះ ផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បាន ថ្លែង ស្វាគមន៍ និងត្រៀមខ្លួនផ្តល់ កិច្ចសហការល្អប្រសើរជាមួយឯកឧត្តម Carlos Felipe Jaramillo អនុប្រធាន ធនាគារ ពិភពលោក ទទួល បន្ទុក តំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ច ការងារ របស់ ឯកឧត្តមមក កម្ពុជា នាពេល ខាង មុខ និងជាថ្មីម្តងទៀត បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករបស់ធនាគារ ពិភពលោក ព្រមទាំងជូនពរលោកស្រី ម៉ារីយ៉ាម សឺរមែន ទទួលជោគជ័យ ក្នុងដំណើរបេសកកម្មនៅកម្ពុជា ។