ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយអនុស្សាវរីយ៍ ដល់នារីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
(ស្វាយរៀង)៖ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយអនុស្សាវរីយ៍ ជូនដល់បងប្អូននារីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នាមន្ទីរព័ត៌មានខេត្តស្វាយរៀង។
តាមរយៈសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» បានលើកឡើងថា ប្រធានបទនេះរំលឹកយើងថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ។
តាមរយៈប្រធានបទខាងលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគាំទ្រនូវអត្ថន័យនៃប្រធានបទ ដោយបានឆ្លុះបញ្ចាំងពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅ របស់ប្រជាជនប្រកបដោយសុខដុមរមនា៕



