(ភ្នំពេញ ) ៖ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដឹកនាំ ដោយឯកឧត្តម ឡាវ វ៉ាន់ បំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងគោលបំណងចំនួន៤គឺ៖
១-ពិភាក្សាការងារក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សជាមួយបណ្តាមន្ទីរអប់រំ និងសាកលវិទ្យាល័យនៃសាធារណរដ្ឋប្រជាមានិតចិន សរុប២០ស្ថាប័នដោយឡែកៗពីគ្នាក្នុងខេត្តគោលដៅចំនួន៦ ដើម្បីរួមចំណែកជាគន្លឹះ ឆ្លើយតបទៅនឹងមុំអាទិភាពទី១ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិស្តីពី “ការកសាងមូលធនមនុស្ស” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
២-ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីសិក្សាវិស្សមកាលរដូវក្តៅ។
៣-ពង្រីកឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនជូនដល់យុវជនកម្ពុជា។
៤-ពន្លាតមនោសញ្ចេតនាសាមគ្គីភាពជាមួយនិស្សិតកម្ពុជាកំពុងសិក្សាក្នុងប្រទេសចិន។
ឯកឧត្តម ឡាវ វ៉ាន់ បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ (អ.ម.ត) ដែលតែងតែផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារពង្រឹងជាប្រចាំលើយន្តការនៃការប្រលងជ្រើសរើស ការតាមដានការសិក្សា និងការរស់នៅរបស់និស្សិត អ.ម.ត ធ្វើយ៉ាងណាចូលរួមតម្រង់ទិសឱ្យនិស្សិតទាំងអស់រៀនសូត្រឱ្យបានចប់ដោយជោគជ័យ និងធ្វើជាតំណាងកម្ពុជាជាមួយមិត្តបរទេស។ ការយកចិត្តទុកដាក់របស់ លោកជំទាវបណ្ឌិត បានគូសរំលេចជាថ្មីម្តងទៀតអំពីភាពចាំបាច់មិនអាចខ្វះបានក្នុងការចូលរួមកសាងធនធានមនុស្សកម្ពុជាឆ្លើយតបទៅនឹងការវិវត្ត និងរីកចម្រើនរបស់សង្គមជាពិសេសក្នុងយុគសម័យបច្ចេកវិជ្ជាទំនើបនេះ។
គួរបញ្ជាក់ថា ក្រុមការងារ អ.ម.ត-ចិនដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន តែងទទួលបាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីរាល់ស្ថាប័នដៃគូនិងសាកលវិទ្យាល័យ ដោយបានបញ្ជាក់ថានិស្សិតកម្ពុជាដែលបានឆ្លងកាត់ការជ្រើសរើស និងឧទ្ទេសនាមដោយគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត សុទ្ធសឹងជានិស្សិតដែលមានគុណវុឌ្ឍិខ្ពស់ មានពិន្ទុនិងនិទ្ទេសល្អប្រសើរសមស្របនឹងលក្ខខណ្ឌតម្រូវរបស់សាកលវិទ្យាល័យ ហេីយនិស្សិតកម្ពុជាទាំងនោះតែងស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មរាល់សកម្មភាពនានាតាមការរៀបចំពីសាកលវិទ្យាល័យដែលខ្លួនកំពុងបន្តការសិក្សា៕



