ឯកឧត្តម ឡាវ វ៉ាន់៖ ផ្តាំផ្ញើនិស្សិតរៀននៅប្រទេស ចិនត្រូវចេះសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ
នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានគណៈប្រតិភូនៃដំណើរបេសកកម្ម និង លោក ហួរ សុភារ៉ា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅក្រុងគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសាកលវិទ្យាល័យ និងអនុប្រធាន សមាជិក សមាជិកាគណៈប្រតិភូ សរុបប្រមាណ ១៥០ នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដល់និស្សិត។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្តាំផ្ញើនិស្សិត ត្រូវចេះសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងខិតខំរៀនសូត្រឱ្យពូកែទាំងចំណេះដឹងផ្នែកភាសា និងជំនាញ ដើម្បីជាស្ពានក្នុងការចូលរួមកសាងជាតិមាតុភូមិកម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា។




