ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃ សាធារណរដ្ឋហ្វីលីពីន និង លោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមាតុភូមិនិវត្តន៌ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ

បន្ទាប់ពីបំពេញដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ និង លោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមាតុភូមិនិវត្តន៌វិញ នាព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៥ ។ អញ្ជើញជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៌ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ និង គណៈប្រតិភូបានអញ្ជើញចូលជួបពិភាក្សាជាមួយសម្តេចអគ្គមហាេសនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូជាន់ខ្ពស់។ សម្តេចបវរធិបតីមានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និង ហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រយោជន៍រួម។ 

ក្នុងជំនួបនោះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីលើវិស័យអាទិភាពមួយចំនួន រួមមាន៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាដើម។ ទន្ទឹមនឹងនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី គឺ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសេវាអាកាសចរណ៍, ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, និង ៣. លិខិតប្តូរសារ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕