ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយ តម្លៃអង្គភាព ផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ កម្រិតសាលាមតេ្តយ្យសិក្សានៅខេត្តព្រះសីហនុ ដោយមានគណៈប្រតិភូចូលរួមមកពីរាជធានី-ខេត្ត នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសេដ្ឋាចន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងថាឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានសំរិតសំរាំងជ្រើសរើសយកវិទ្យាល័យ ហ៊ុន សែន វាលរេញ, វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ សាលាមត្តេយ្យសិក្សាធនធាន ក្រុងព្រះសីហនុ, សាលាមត្តេយ្យធនធាន ហ៊ុន សែន ព្រៃនប់, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤។ ជាលទ្ធផលសាលាមតេ្តយ្យសិក្សាធនធានក្រុងព្រះសីហនុ ទទួលបានចំណាត់ថា្នក់លេខ១, វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំណាត់ថា្នក់លេខ៥ និងមន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ ចំណាត់ថា្នក់លេខ៧ ។ ជោគជ័យទាំងនេះកើតឡើងពីការឧបត្ថម្ភគាំទ្រជួយជ្រោមជ្រែងពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានខេត្តព្រះសីហនុ ដែលមានឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងារ ព្រមទាំងមានការចូល រួមចំណែកយ៉ាងសកម្មពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត និងធនធានចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការមុខងារក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាល នៅខេត្តព្រះសីហនុឆ្លើយ តប ទៅនឹងតម្រូវការរបស់ប្រជាជនប្រកប ដោយសមធម៌ គណនេយ្យភាព ស័ក្តិសិទ្ធិភាព និងបរិយាប័ន្ន។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បាន មានប្រសាសន៍បើកសិក្ខសាលាចែករំលែកបទពិសោធន៍នៃការ គ្រប់គ្រងការផ្តល់សេវា សាធារណ:របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ កម្រិតសាលាមត្តេយ្យសិក្សាទូទាំងប្រទេស និងអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាល ដែលបានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធិផលរួមគ្នាដែលសម្រេចបាននាពេលកន្លងមក ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រការអភិវឌ្ឍគុណភាព ការបណ្តុះបណ្តាល និងការគ្រប់គ្រងប្រកបដោយចីរភាព ស្របតាមកំណែ ទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទ:មុតស្រួច មានប្រសិទ្ធិភាព ប្រសិទ្ធិផល តាមរយ:ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀតដោយធ្វើយ៉ាងណាឪ្យសាលារៀន ក្លាយជាអង្គភាពផ្តល់សេវាសាធារណ:ប្រកប ដោយប្រសិទ្ធិភាព អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍ ។ ការដាក់ ចេញនៃការវាយតម្លៃទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណ: គឺជាយុទ្ធវិធីស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។