ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) 

នៅសាលាភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ បេក្ខជន ៨០៣នាក់ បានប្រឡងប្រជែងគ្នា ក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ និងបេក្ខជន ២៥១៤នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល ។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ 

មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេ ចេះគឺជាប់។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខា​កាលបរិច្ឆេទ និងឈ្មោះ​ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។” 

តាមការគ្រោងទុក បេក្ខជនចំនួន ៨០៣នាក់ កំពុងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្របពេលជាមួយគ្នានេះ បេក្ខជនចំនួន ២៥១៤នាក់ផ្សេងទៀត កំពុងប្រឡងប្រជែងគ្នាក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល៕