ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ដើម្បីចូលរួមអនុវត្តសកម្មភាពនានា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមក្នុងយុគសម័យឌីជីថល,
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ដើម្បីពង្រឹងរចនាសម្ព័ន្ធការងារ បង្កើនប្រសិទ្ធភាពនៃការសម្របសម្រួល និងជំរុញការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន ព្រមទាំងវត្តមានថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារស.ស.យ.ក. វិស័យព័ត៌មានជាង ៧០០នាក់ ។
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ប្រធានការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន បានជម្រាបជូនថា នេះជាលើកទី២របស់ក្រសួងព័ត៌មាន ដែលបានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ដែលមានសមាជិក សមាជិកា សរុបរហូតដល់ ៧៥៦នាក់ ជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីការបន្តពង្រឹង រចនាសម្ព័ន្ធ និងប្រមូលផ្តុំកម្លាំងយុវជន ដើម្បីរួមចំណែកក្នុងការអនុវត្តបេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស្របតាមផែនទីបង្ហាញផ្លូវ២.០ និងទិសដៅរបស់ក្រសួងព័ត៌មាន។ ជាមួយគ្នានេះដែរក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន បានបំពេញសកម្មភាពយ៉ាងសកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម វប្បធម៌ មនុស្សធម៌ លើកតម្លៃសីលធម៌ និងសេចក្តីថ្លែថ្នូរក្នុងសង្គម។
ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដែលមានប្រធានកិត្តិយស ១រូប សមាជិកកិត្តិយស ២៥រូប ប្រធាន ១រូប អនុប្រធាន ៩រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៤៦៧នាក់។ បន្ទាប់ពីទទួលបានការតែងតាំងរួចមក លោក តូច ណារត្ន អនុប្រធានអចិន្រ្ដៃយ៍ និងជាក្រុមការងារស.ស.យ.ក. ក្នុងវិស័យព័ត៌មាន បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ ស.ស.យ.ក. និងចូលរួមបន្តថែរក្សា ការពារ ចងចាំជាប់ជានិច្ចនូវ ស្មារតី «រណសិរ្ស សាមគ្គីសង្គ្រោះជាតិ មាតុភូមិកម្ពុជា» ២ ធ្នូ ១៩៧៨ ។ហើយនឹងចូលរួមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ទទួលខុសត្រូវខ្ពស់ រាល់ការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យសមស្របតាមទិសដៅរបស់ស្ថាប័ន និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការចូលរួមដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតបន្ថែមទៀត។
ការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន នាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងយន្តការការងារ និងបង្កើនកម្លាំងចលករយុវជន ដើម្បីចូលរួមអនុវត្តសកម្មភាពនានារបស់ស.ស.យ.ក. ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមក្នុងយុគសម័យឌីជីថល៕







