ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារក្រសួងមុខងារសាធារណៈ ដោយរំលេចកត្តាគន្លឹះ ៤ យ៉ាង ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព»

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម  ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ សន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ៦៥០នាក់។

ឯកឧត្តម  ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារ សាធារណៈ ដែលបាន និងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុង រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ សមិទ្ធផលទាំងនេះអាចសម្រេចទៅបាន អាស្រ័យដោយកត្តា សំខាន់ ៤ យ៉ាងគឺ៖

ទី១. កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងការដាក់ចេញនូវវិធានការគន្លឹះទាំង៣

ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការកំណត់អាទិភាពជាក់លាក់ សម្រាប់ ការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។

ទី២. កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌ ដែលយើងអាចប្រែក្លាយគោលនយោបាយនិងយុទ្ធសាស្ត្រ ទៅជាការអនុវត្តចេញជាសមិទ្ធផលពិតប្រាកដ ដែលក្នុងនោះ សម្តេចមហាបវរធិបតី តែងផ្តល់អាទិភាពខ្ពស់ចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តល់ការគាំទ្រ និង តម្រង់ទិសជាប្រចាំ។

ទី៣. កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារយើងមានចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និង ជាពិសេសមានមន្ត្រី និងថ្នាក់ដឹកនាំគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និង បំពេញការងារឈរលើ មូលដ្ឋានអភិក្រមបុរេសកម្ម សកម្ម យោគយល់អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន។

ទី៤. កត្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធ ទាំងអស់។ សមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាននាពេលកន្លងមក និងដែលនឹងឈានសម្រេចបាននាពេលខាងមុខ មិនអាចកាត់ផ្តាច់ចេញពីការចូលរួម គាំទ្រ និងសហការពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បានទេ។

សូមជម្រាបថា បន្ទាប់ពីពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតក៏នឹងមានការធ្វើបទបង្ហាញរបស់វាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងវេទិកាសំណួរ ចម្លើយ លើប្រធានបទដែលបានបង្ហាញ និងការងារពាក់ព័ន្ធ។ សន្និបាតនឹងប្រពឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦៕