ឯកឧត្តម ហ៊ុន ម៉ានី ជំរុញការជ្រើសរើសគ្រូបង្រៀនថ្មី ៣,២០០នាក់ ឲ្យមាន “តម្លាភាព និងយុត្តិធម៌” ក្នុងការចាប់ប៉ុស្តិ៍ការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងការជ្រើសរើសកន្លែងការងារសម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

ពិធីនេះរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំ យុវជន និងកីឡា បានប្រព្រឹត្តទៅពេញមួយថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការចូលរួមពីបេក្ខជនជ័យលាភីសរុបប្រមាណ ៣,២០០នាក់ មកពីខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

​ក្នុងឱកាសសំណេះសំណាលជាមួយបេក្ខជនទាំងអស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ជាពិសេសលើគោលការណ៍ «តម្លាភាព និងយុត្តិធម៌» ក្នុងការបែងចែក និងជ្រើសរើសប៉ុស្តិ៍បង្រៀននៅថ្ងៃនេះ។

ឯកឧត្តម បានលើកឡើងថា៖ “បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និង អាទិភាពតាមលំដាប់ពិន្ទុ ជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់”។

​ឯកឧត្តមបានបន្ថែមទៀតថា ក្រោយពីបញ្ចប់កម្មវិធី បេក្ខជនម្នាក់ៗនឹងដឹងច្បាស់ពីគោលដៅការងាររបស់ខ្លួន ដែលជាសក្ខីភាពបញ្ជាក់ពីតម្លាភាព និងយុត្តិធម៌ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ។

​ដើម្បីសម្រួលដល់ដំណើរការជ្រើសរើសកន្លែងការងារ ពិធីនេះត្រូវបានរៀបចំជា ៣ វេនផ្សេងគ្នា៖
• ​វេនទី១ (8:30–10:15 នាទី): សម្រាប់បេក្ខជនខេត្តតាកែវ និងខេត្តកំពង់ចាម។
• ​វេនទី២ (10:30–12:15 នាទី): សម្រាប់បេក្ខជនខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។
• ​វេនទី៣ (14:00–15:45 នាទី): សម្រាប់បេក្ខជនខេត្តព្រៃវែង។
​ការរៀបចំពិធីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជ្រើសរើសធនធានគ្រូបង្រៀនប្រកបដោយគុណភាព ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំសាធារណៈនៅកម្ពុជា។