ឯកឧត្តម ហ៊ុន ម៉ានី៖ «ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរមិនភ្លេចការឈឺចាប់ឆ្នាំ២០២៥ ប៉ុន្តែការចងចាំគឺដើម្បីសាមគ្គីភាព មិនមែនដើម្បីសងសឹកនិងគុំគួនឡើយ»
ក្នុងស្មារតីរំលឹកនូវមេរៀនប្រវត្តិសាស្ត្រ និងការពង្រឹងមនសិការស្នេហាជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអំពាវនាវឱ្យកូនខ្មែរគ្រប់រូបប្រែក្លាយការឈឺចាប់ និងការប្រមាថដែលបានកើតឡើងកាលពីឆ្នាំ២០២៥ ឱ្យទៅជាកម្លាំងសាមគ្គីភាពជាតិ ដើម្បីការពារអធិបតេយ្យភាព និងសន្តិភាពយូរអង្វែង។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព២» កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ បន្ទាប់ពីគម្រោងនេះត្រូវបានរៀបចំឡើងដោយជោគជ័យកាលពីពេលកន្លងទៅក្នុងខេត្តសៀមរាប។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាកម្ពុជាឆ្លងកាត់ការឈឺចាប់ដែលខ្លួនមិនបានជ្រើសរើសក៏ដោយ ប៉ុន្តែការរក្សាការចងចាំនេះ គឺមានគោលបំណងសំខាន់ពីរ៖ រំលឹកខ្លួនឯងជាប្រចាំ ឱ្យចេះរួបរួមគ្នា និងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងតាមផ្លូវសន្តិវិធី។ ពង្រឹងស្មារតីជាតិ៖ ប្តូរពីភាពសោកសៅ ឱ្យទៅជាថាមពលនៃការកសាងជាតិ។
ក្នុងសុន្ទរកថាដែលពោរពេញដោយអត្ថន័យ ឯកឧត្តមក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដី។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏មិនភ្លេចនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋជិត ៨ម៉ឺននាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពជាជនភៀសសឹក និងមិនទាន់អាចត្រឡប់ទៅគេហដ្ឋានវិញបាននៅឡើយ។
ជាចុងក្រោយ ឯកឧត្តមបានលើកទឹកចិត្តឱ្យជនរួមជាតិទាំងអស់ បន្តជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី «សូមបងប្អូនបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីថែរក្សាឱ្យបាននូវឯកភាពជាតិ ក្នុងគោលដៅការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាព ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់យើង»។
ផ្ទាំងគំនូរសិល្បៈដែលបានដាក់សម្ពោធនេះ គឺជាសក្ខីភាពនៃស្លាកស្នាមប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការខ្ទេចខ្ទាំ និងការតស៊ូរបស់ប្រជាជាតិខ្មែរ ហើយក៏ជាសារដាស់តឿនដល់យុវជនជំនាន់ក្រោយអំពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព។



