ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសិរីពោធិវង្ស (ហៅវត្តទឹកជ្រៅ) ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យកាន់តែទំនើប ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(Ai) យើងត្រូវប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ហើយដើម្បីធានាបានព័ត៌មានពិត ត្រូវស្វែងយល់ពីប្រភពឲ្យបានច្បាស់លាស់ ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច។
ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសិរីពោធិវង្ស (ហៅវត្តទឹកជ្រៅ) អញ្ជើញអមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទិ១៩ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តជំរុញ វប្បធម៌ចែករំលែក ពោលគឺអ្នកចេះបង្រៀនអ្នកមិនចេះ អ្នកមានជួយអ្នកអត់ ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំណាស់ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម លើកស្ទួយសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ និងជំរុញឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈ បានឆាប់រហ័ស ទន់ភ្លន់ តម្លាភាព និងកាន់តែខិតជិតប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត កោតសរសើរដល់ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋភិបាលកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន បានគ្រប់គ្រងយកចិត្តទុកដាក់បានយកល្អ រក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា និងសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាកថវិកា ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តអារាមនេះជាបន្តបន្ទាប់ និងសូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារចូលរួមយ៉ាងសកម្ម ក្នុងចលនាភូមិ/ឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាពជូនប្រជាជននៅមូលដ្ឋានរបស់ខ្លួន។
បើតាមរបាយការណ៍របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា វត្តសិរីពោធិវង្ស (ហៅវត្តទឹកជ្រៅ) ស្ថិតនៅស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអាយុកាលប្រមាណ២១២ឆ្នាំ និងមានព្រះចៅអធិការ ១៣ព្រះអង្គ បានប្រារព្ធពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានារួមមាន៖ ឧបដ្ឋានសាលា កុដិថ្ម បន្ទប់ទឹក បង្គន់អនាម័យ ក្លោងទ្វា របងវត្ត ជួសជុលព្រះ វិហារចាស់ ដងទង់ អាសនៈតម្កល់ព្រះបដិមា និងសំណង់សមិទ្ធផលនានាជាច្រើនទៀត ដោយ ចំណាយថវិកាសរុបចំនួន ២៣៩.២៩១ ដុល្លារអាមេរិក ក្រោមការដឹកនាំបច្ចប្បន្នដោយព្រះគ្រូ ឃិន សេន ព្រះចៅអធិការវត្ត បានខិតខំគៀគរប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ ពិសេសសទ្ធាជ្រះថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សូមជម្រាបជូនថា ពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, ក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ , អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ , យុវជនកាកបាទក្រហមកម្ពុជា , យុវជនកាយរិទ្ធកម្ពុជា, យុវជន ស.ស.យ.ក លោកតា លោកយាយនិងសិស្សនិស្សិត យ៉ាងច្រើនកុះករ ៕