ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម ចុះសួរសុខទុក្ខ និងឧបត្ថម្ភកងទ័ពជួរមុខការពារ ព្រំដែនខេត្តព្រះវិហារ

ឯកឧត្តម ហែម វណ្ណឌី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខកងទ័ពជួរមុខដែលឈរជើងការពារព្រំដែនក្នុង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។ គណៈប្រតិភូបាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងបានឧបត្ថម្ភថវិកា ចំនួន ៥០លានរៀល ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្សទិសព្រះវិហារ ។

អំណោយដ៏ថ្លៃថ្លានេះ រួមមានការបរិច្ចាគរបស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់ក្រសួង, ព្រមទាំងការរួមចំណែកពីវិស័យឯកជន។ កាលពីថ្ងៃទី៩ ខែមិថុនា ក្រសួង ក៏បាននាំយកអំពូលសូឡា ចល័តចំនួន ១.០០០គ្រឿង ប្រគល់ជូនកងទ័ពដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែនក្នុង ខេត្តឧត្តរមានជ័យផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តី រាជការ និងប្រជាជនកម្ពុជាសូមគោរពកោតសរសើរ និងដឹងគុណចំពោះ វីរៈភាព និងការលះបង់របស់កងទ័ព ជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅជាមួយបងប្អូនជានិច្ច នៅក្នុង បុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។”

ឯកឧត្តម បានបនន្ថែមថា៖
“ការចុះសួរសុខទុកកងទ័ពនាពេលនេះមិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមក
ជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល។”

ឯកឧត្តម មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ដំណើរចុះសួរសុខ ទុក និងការឧត្ថម្ភគាំទ្រទាំងនេះ ដោយលើកឡើងថា នេះជាការផ្តល់កម្លាំងចិត្តក្នុងពេលវេលាដ៏សំខាន់ ខណៈដែល កងទ័ពជួរមុខកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន ៕