ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកនាយកគ្រប់គ្រង ក្រុមហ៊ុន HEINEKEN Cambodia ដែលទើបតែងតាំងថ្មី

នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន HEINEKEN Cambodia ដឹកនាំដោយ លោក Dat PHAM នាយកគ្រប់គ្រង ដែលទើបតែងតាំងថ្មី ដើម្បីធ្វើការណែនាំខ្លួនជាផ្លូវការ ព្រមទាំងពិភាក្សាអំពីកិច្ចការពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុនខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីសហប្រតិបត្តិការខ្ពស់ ដោយផ្តោតលើការបន្តពង្រឹងភាពជាដៃគូដ៏ល្អរវាងក្រុមហ៊ុន HEINEKEN Cambodia និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងការគាំទ្ររបស់ ក.អ.ក. ក្នុងការធានានូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងនិរន្តរភាពសម្រាប់ក្រុមហ៊ុនបរទេសនានា ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនេះ លោក Dat PHAM បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក.អ.ក. ក៏ដូចជាចំពោះ ឯកត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ក្នុងការសម្របសម្រួលនិងផ្តល់កិច្ចថែទាំគាំទ្រនានា ចំពោះរាល់គ្រប់គម្រោងវិនិយោគឯកជន តួយ៉ាងក្រុមហ៊ុន HEINEKEN Cambodia ផ្ទាល់។ លោកនាយកគ្រប់គ្រងថ្មី ក៏បានអះអាងពីការប្តជ្ញាចិត្តបន្តទំនាក់ទំនងជិតស្និទ្ធ ជាមួយ ក.អ.ក. និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាឱ្យបាននូវដំណើរការវិនិយោគក្នុងប្រទេសកម្ពុជាអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងចីរភាព និងការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម ក្នុងសកម្មភាពនានាដែលទាក់ទងនឹងទំនួលខុសត្រូវសង្គមផងដែរ៕