ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយឯកឧត្តម Ted Osius ប្រធាននិងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន

វ៉ាស៊ីនតោន ឌីស៊ី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Ted Osius ប្រធាននិងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ក្នុងឱកាសបំពេញបេសកកម្មផ្លូវការនៅសហរដ្ឋអាមេរិក ដើម្បីចរចាអំពីកិច្ចព្រមព្រៀងបដិការ (Bilateral Investment Treaty)។

ក្នុងឱកាសនៃការជួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិកកូ, ឯកឧត្តម William Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុន Chevron ផងដែរ។

ជំនួបនេះត្រូវបានរៀបចំឡើងដោយមានគោលបំណងពិភាក្សាពីឱកាស និងវិធីសាស្ត្រក្នុងការជម្រុញនិងពង្រឹងកិច្ចសហការលើវិស័យវិនិយោគឯកជន ពិសេសជំរុញការវិនិយោគពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើន និងមានប្រសិទ្ធិភាព។ ការជួបជុំនេះក៏ជាការបង្ហាញពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។