ឯកឧត្តម សួស យ៉ារ៉ា៖ អាយប៉ា គាំទ្រពេញទំហឹង គំនិតផ្តួចផ្តើមសម្តេចតេជោ ហ៊ុន សែន លើកកម្ពស់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាបានជម្រាបពីជោគជ័យមួយ ក្នុងជោគជ័យធំៗនៃបេសកកម្មការទូតសភា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ បានអនុម័តគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ដែលផ្តួចផ្តើមឡើងដោយសភាកម្ពុជា ក្នុងការលើក កម្ពស់សុខសន្តិភាព វិបុលភាព មិនសម្រាប់តែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពលរដ្ឋនៅក្នុងតំបន់និងពិភពលោក។
សេចក្តីព្រាងសេចក្តីសម្រេចទំាងបីរបស់សភាកម្ពុជា បានលើកយកទៅពិភាក្សានៅក្នុងគណៈកម្មាធិការនយោបាយ និងគណៈកម្មាធិការរៀបចំរបស់អាយប៉ា។ នៅក្នុងនោះ គណៈកម្មាធិការនយោបាយអាយប៉ា នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃទី១៩កញ្ញា បានពិភាក្សាអនុម័តគំាទ្រ ពេញទំហឹងលើសេចក្តីព្រាងសេចក្តីសម្រេច របស់សភាកម្ពុជា ស្តីពីការជំរុញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា ការអនុម័តនេះ គឺជាការទទួលស្គាល់របស់អាយប៉ា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងការស្វែងរកសន្តិភាព ការពារ លើកកម្ពស់សុខសន្តិភាព ជូនពលរដ្ឋទំាងក្នុងប្រទេសនិងក្រៅប្រទេស ដូចជាការអនុម័តនូវ ធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន បានអនុម័ត នៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
ចំណែកសេចក្តីព្រាងសេចក្តីសម្រេចពីរទៀត ដែលផ្តួចផ្តើមឡើងដោយសភាកម្ពុជា បានលើកយកមកពិភាក្សា នៅក្នុងគណៈកម្មាធិការរៀបចំរបស់អាយប៉ា នៅព្រឹកថ្ងៃទី១៩ ដែរនោះ គឺសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ា ដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់ អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។
ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ាមាន គោលបំណងបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា សំដៅលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះ ប្រកបដោយប្រសិទ្ធភាព។
ចំពោះសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតភាពជាដៃគូអាយប៉ា ដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បង គឺដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីគឺ “បរិយាបន្ន និងចីរភាព”។
មហាសន្និបាតអាយប៉ាលើកទី៤៦ បានជ្រើសតំាង ឯកឧត្តមបណ្ឌិតចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា ជាអគ្គលេខាធិការនៃលេខាធិការដ្ឋានអាយប៉ា ក្នុងអាណត្តិរយៈពេល៣ឆ្នាំ ចាប់ ឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨៕






