ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ជាវ អានសាន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីផ្តល់អាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្សស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសម្ពន្ធយុវជនអាហារូបករណ៍ (ស២) និង
យុវជនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានធ្វើពិធីចុះហត្ថលេខារវាង ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ជាវ អានសាន រដ្ឋលេខាធិការ និងជាប្រធានយុវជនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញតពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបានផ្តល់ជូននូវអាហារូបករណ៍ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នទាំងពីរ ក្នុងការលើកស្ទួយវិស័យអប់រំដល់យុវជនសម័យថ្មីឱ្យទទួលបាននូវការបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌអប់រំសម័យទំនើបដោយស្របតាម
«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈពិធីចុះអនុស្សរណៈនៃការយោគ យល់គ្នានៅថ្ងៃនេះ ក្រសួងព័ត៌មាន ដែលមានការសម្របសម្រួលដោយសម្ពន្ធយុវជនអាហារូបករណ៍ស២ នឹងផ្តល់ជូនអាហារូបករណ៍ជារៀងរាល់ឆ្នាំសម្រាប់ការសិក្សាក្នុងប្រទេស ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន២០កន្លែង និងក្រៅប្រទេសថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង ជូនដល់មន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមកម្រិតឧត្តមសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួន។
ឯកឧត្តម សុខ ប្រសិទ្ធិ បានជម្រាបជូនថា សម្ពន្ធយុវជនអាហារូបករណ៍ (ស២) ជាសមាគមដែលយកចិត្តទុកដាក់លើកស្ទួយលើវិស័យអប់រំនៅកម្ពុជា ហើយផ្តោតលើការកសាងធនធានមនុស្ស លើកកម្ពស់សមត្ថភាពយល់ដឹងតាមរយៈការផ្តល់អាហារូបករណ៍ជូនដល់សិស្ស-និស្សិត។
ដូច្នេះតាមរយៈកិច្ចសហការល្អរវាង យុវជនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង សម្ពន្ធយុវជនអាហារូបករណ៍ (ស២) គឺជាកិច្ចការងារសំខានមួយដើម្បីចូលរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍធនធានមនុស្ស ទាំងសមត្ថភាពចំណេះដឹង និងតាមរយៈការផ្តល់អាហារូបករណ៍ក្នុង និងក្រៅប្រទេស ជូនកូនចៅ មន្ត្រីរាជការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រៀមចូលនិវត្តន៍ និងចូលនិវត្តន៍ដោយពុំមាន លទ្ធភាពផ្គត់ផ្គង់ការសិក្សាបន្តដល់កូនចៅរបស់គាត់៕