ឯកឧត្តម សុខ ប្រសិទ្ធិ ជួបពិភាក្សាការងារជាមួយស្ថាបនិកក្រុមហ៊ុន Global Care ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងដៃគូអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារអាហារូបករណ៍ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយលោក Rajeev Taneja ស្ថាបនិកក្រុមហ៊ុន Global Care ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសលើការលើកកម្ពស់វិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងដៃគូអន្តរជាតិ។
ក្នុងជំនួបនេះ លោក Rajeev Taneja បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានចូលជួប ឯកឧត្តមរដ្ឋលេខាធិការ និងបានបង្ហាញឆន្ទៈ និងសកម្មភាពរបស់ក្រុមហ៊ុន Global Care ដែលផ្តោតលើការចូលរួមវិនិយោគ និងអភិវឌ្ឍវិស័យសុខាភិបាល ការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ ការគាំទ្របច្ចេកវិទ្យាសុខាភិបាលទំនើប និងការបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា។
លោក Rajeev Taneja បានលើកឡើងពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យក្រសួងព័ត៌មានជួយសម្របសម្រួល ដើម្បីបង្កើតកិច្ចសហការជាមួយក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក៏ដូចជាការអភិវឌ្ឍកម្មវិធីរួមផ្សេងៗ ដែលអាចរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមរបស់ លោក Rajeev Taneja និងបានវាយតម្លៃខ្ពស់ចំពោះបំណងល្អរបស់ក្រុមហ៊ុន Global Care ក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញការគាំទ្រចំពោះការសម្របសម្រួលឱ្យមានកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីស្វែងរកលទ្ធភាពអនុវត្តគម្រោងរួមដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ការរួមសហការរវាងវិស័យរដ្ឋ និងវិស័យឯកជនអន្តរជាតិ នឹងជួយពង្រឹងសមត្ថភាពវិស័យសុខាភិបាល និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យក្រុមហ៊ុន Global Care ពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាលើជំនាញសុខាភិបាល ដូចជា វេជ្ជសាស្ត្រ គិលានុបដ្ឋាក វិទ្យាសាស្ត្រវេជ្ជសាស្ត្រ សុខភាពសាធារណៈ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត និង ស្នើសុំធ្វើកិច្ចសហប្រតិបត្តការណ៍ចុះអនុស្សរណៈជាមួយក្រសួងព័ត៌មាននាពេលខាងមុខ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការវិនិយោគលើការអប់រំ និងការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយការផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពនៅក្រៅប្រទេស នឹងជួយបង្កើនសមត្ថភាពវិជ្ជាជីវៈ និងចំណេះដឹង ដើម្បីត្រឡប់មករួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជានាពេលអនាគត។
លោក Rajeev Taneja បានទទួលយកសំណើនេះដោយក្តីរីករាយ និងបានបញ្ជាក់ថា ក្រុមហ៊ុន Global Care នឹងពិនិត្យលទ្ធភាពសហការជាមួយសាកលវិទ្យាល័យ មន្ទីរពេទ្យ និងស្ថាប័នអប់រំជាដៃគូ ដើម្បីបង្កើតកម្មវិធីអាហារូបករណ៍ កម្មវិធីបណ្តុះបណ្តាល ការផ្លាស់ប្តូរនិស្សិត និងកម្មវិធីអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់និស្សិត និងបុគ្គលិកសុខាភិបាលកម្ពុជា។
ភាគីទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនង និងជំរុញការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលនឹងផ្តល់អត្ថប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខាភិបាល ការអប់រំការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើប ស្របតាមទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងចំណងមិត្តភាពអន្តរជាតិ៕







