ឯកឧត្តម វ៉ាត់ ចំរើន រំពឹងទិវាម៉ារ៉ាតុងចក្រភពអង្គរ២០២៥ ស្រូបបានអ្នកចូលរួម ៥០០០នាក់

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ដែលជាខួប១០ឆ្នាំ គ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប មានអ្នកចុះឈ្មោះចូលរួមជាង ៣០០០នាក់ ខណៈការរំពឹងទុកទម្រាំដល់ថ្ងៃបិទបញ្ជីនៃការចុះឈ្មោះនឹងអាចកើនឡើង ក្នុងចន្លោះជាង ៤០០០នាក់ទៅ ៥០០០នាក់។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-NOCC ក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា-NOCC ។

ឯកឧត្តម គូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ដែលមានវិញ្ញាសាគោល ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ នឹងអាចមានអ្នកចូលរួមរត់កើនឡើងយ៉ាងហោច ២៥% ទៅ ៥០% បើធៀបនឹងអ្នកចូលរួមរត់ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាង ២ ៨០០នាក់។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១០ ជាង ៣ពាន់នាក់ហើយ ប៉ុន្ដែទម្រាំដល់ថ្ងៃរត់ផ្លូវការ ឯកឧត្តកជឿជាក់ថា អាចមានអ្នកចូលរួមយ៉ាងហោច ៤ពាន់ ទៅ ៥ពាន់នាក់។

ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនេះបញ្ជាក់ថា វិញ្ញាសារត់ គឺមាន ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ។ ចំពោះអ្នករត់ជាកុមារនឹងត្រូវបានលើកទឹកចិត្ត ដើម្បីជាការបណ្តុះស្មារតីឱ្យកុមារផ្សាភ្ជាប់នឹងការលេងកីឡាដើម្បីសុខភាព។ ទិវារត់ប្រណាំងនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅស្វែងរកមូលនិធិសប្បុរសធម៌ ក្នុងការបន្តបេសកកម្មជួយដល់មន្ទីរពេទ្យ និងអង្គការនានាផងដែរ៕