ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា ទិវារត់ប្រណាំងស្ត្រី ៨មីនា កើនឡើងជាង ៣០០០នាក់

  ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបង្ហាញក្តីរំពឹងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលរៀបចំ ឡើងនៅសួនច្បារមុខ វត្តបទុមវតី ក្នុងថ្ងៃបុណ្យសិទ្ធិនារី អន្តរជាតិ ៨មីនា ឆ្នាំ២០២៥ នឹងមានការចូលរួម រត់របស់កីឡាករ កីឡាការិនី កើនឡើង ជាង ៣០០០នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា  ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នាពេលនេះ គណៈកម្មការ រៀបចំ ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ បានទទួលការចុះឈ្មោះរបស់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ បានប្រមាណ ២០០០នាក់ ហើយៗទម្រាំ ដល់ថ្ងៃបិទបញ្ជីចុះឈ្មោះនឹងអាចស្រូបទាញអ្នកចុះឈ្មោះបានប្រមាណ ៣០០០នាក់ ឬច្រើនជាងនេះ។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ៨មីនា នៅរាជធានីភ្នំពេញនេះកាន់តែទទួលបានចំនួនអ្នកចូលរួមកើនឡើងជាលំដាប់ ដោយសារតែទិវារត់ប្រណាំងមួយនេះមិនស្វែងរកប្រាក់ចំណេញនោះទេ ពោលគឺមានបំណងសំខាន់ៗ ក្នុងការលើកកម្ពស់ដល់សុខភាពរបស់ប្រជាពលរដ្ឋ បញ្ជ្រាបការអប់រំផ្សព្វផ្សាយឱ្យមហាជនចូលរួមលេងកីឡាដើម្បីសុខភាព ហើយស្វែងរកថវិកាជួយឧបត្ថម្ភគាំទ្រដល់កិច្ចការសប្បុរសធម៌។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ទទួលបាន ដៃគូឧបត្ថម្ភគាំទ្រធំ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ ចាប់តាំងពីឆ្នាំ២០២០មកម្លេះ៕