ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អែលនូ ម៉ាម៉ាដូវ (Elnur Mammadov )អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អែលនូ ម៉ាម៉ាដូវ (Elnur Mammadov )អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ 

                          ……………….

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អែលនូ ម៉ាម៉ាដូវ (Elnur Mammadov )អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងចូលរួមជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ 

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលក្នុងរយៈពេលបីទសវត្សរ៍មកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេសក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាពេលបច្ចុប្បន្នទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ 

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រៀង ក៏ដូចជាអនុស្សរណៈនៃការយកយល់គ្នាជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។ 

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមសូមលើកទឹកចិត្តរដ្ឋាភិបាលប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យ នយោបាយ និងសេដ្ឋកិច្ច ជាពិសេសការវិនិយោគ និងពាណិជ្ជកម្ម និងវិស័យអាទិភាពមួយចំនួនទៀតដូចជាទេសចរណ៍ និងវិស័យអប់រំជា ដើម សំដៅនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង។ 

ឯកឧត្តម អែលនូ ម៉ាម៉ាដូវ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម នៅកម្ពុជានាពេលនេះ គឺដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ដែលផ្តោតលើរបៀបវារៈសំខាន់ៗ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងមនុស្សធម៌ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមថានឹងធ្វើការចុះអនុស្សរណៈនៃការយោគយល់ ដើម្បជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមថា ក្រោយពីបានទស្សនាទៅកាន់តំបន់ប្រាសាទអង្គរវត្ត ឯកឧត្តមយល់ថា កម្ពុជាពិតជាមានភាពទាក់ទាញខ្លាំងណាស់សម្រាប់អ្នកទេសចរណ៍អន្តរជាតិ ក៏ដូចជាប្រជាជនអាស៊ែបៃហ្សង់ ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ 

ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេស បានរំលេចអំពីតួនាទីដ៏សំខាន់នៃវិស័យការទូតសភា ក្នុងការជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែប្រសើរឡើង ហើយសភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពសភា ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែប្រសើរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរសភានានា ដូចជាសហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) អន្តរសភាអាស៊ាន (AIPA) និងបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) ជាដើម។ 

ឯកឧត្តម បន្ថែមថាប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ មានលក្ខណៈស្រដៀងគ្នាជាច្រើន ដូចជាប្រវត្តិឆ្លងកាត់សោកនាដកម្មសង្គ្រាមដូចគ្នា ហើយសព្វថ្ងៃប្រទេសទាំងពីរមានគោលនយោបាយការបរទេសស្រដៀងគ្នាថែមទៀតផង ដូចជាការប្រកាន់ខ្ជាប់នូវគោលការណ៍មិនចូលបក្សសម្ព័ន្ធ ការគោរពអធិបតេយ្យភាព និងការគាំទ្រប្រព័ន្ធពហុភាគីនិយមដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាដើម។ ឯកឧត្តម បានអរគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រអាស៊ែបៃហ្សង់នាពេលកន្លងមក ហើយឯកឧត្តម រំពឹងថា ក្នុងពេលឆាប់ៗនេះ ប្រទេសទាំងពីរនឹងមានឱកាសបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងវិស័យ សេដ្ឋកិច្ច ពាណិច្ចកម្ម និងវិនិយោគ។ 

ជាចុងក្រោយតាមរយៈឯកឧត្តម ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សូមផ្តាំផ្ញើសាកសួរសុខទុកដល់ ឯកឧត្តម អ៊ុលហាម អាលីយ៉េវ ប្រធានាធិបតី ឯកឧត្តម អាលី អាសាដូវ នាយករដ្ឋមន្ត្រី លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, និងថ្នាក់ដឹកនាំកំពូលទាំងអស់ផ្សេងទៀត របស់អាស៊ែបៃហ្សង់ និងជូនពរដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមអនុរដ្ឋមន្ត្រី ទទួលបានជោគជ័យត្រចះត្រចង់៕