ឯកឧត្តម វង្សី វិស្សុត៖ វិស័យអធិការកិច្ចដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការនៃការកែទម្រង់ សំដៅពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ សម្រាប់គ្រប់គ្រងរដ្ឋបាលសាធារណៈ និងសម្រាប់ការអភិវឌ្ឍន៍

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ វិស័យអធិការកិច្ចដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការនៃការកែទម្រង់ សំដៅពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ សម្រាប់គ្រប់គ្រងរដ្ឋបាលសាធារណៈ និងសម្រាប់ការអភិវឌ្ឍន៍។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច  នាសណ្ឋាគារសុខាភ្នំពេញ, នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បន្តថា អធិការកិច្ច ជាកិច្ចការសំខាន់មិនអាចខ្វះបាន ក្នុងការត្រួតពិនិត្យលើការអនុវត្តន៍មុខងារ តួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីចូលរួមប្រសិទ្ធិភាពក្នុងការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្ត ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា ការដឹកនាំត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យគឺគ្មានការដឹកនាំទេ។ ហើយម្យ៉ាងទៀត អធិការកិច្ច គឺជាភ្នែក ត្រចៀករបស់ថ្នាក់លើ និងជាមិត្តជិតស្និទរបស់ថ្នាក់ក្រោម។ ក្រៅពីនេះទៀត វិស័យអអិការកិច្ច បានចូលរួមពង្រឹងសុច្ចរិតភាព យុត្តិធម៌សង្គម អភិបាលកិច្ច សំដៅចូលរួមក្នុងការកសាង នីតិរដ្ឋ ការការពារផលប្រយោជន៍សាធារណៈ ក្នុងការដឹកនាំប្រទេសប្រកបដោយបរិយាបន្ន និងចិរភាព។ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍បញ្ជាក់ថា  រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានស្នូល “ការពង្រឹងអភិបាលកិច្ច” និងបានកំណត់នូវគោលដៅយុទ្ធសាស្ត្រ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈការបន្ត អភិវឌ្ឍអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងយកចិត្តទុក ដាក់លើអត្ថប្រយោជន៍ប្រជាជនជាស្នូល ការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

នៅក្នុងឱកាសនេះ  ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានឡើងធ្វើរបាយការណ៍បូកសរុបដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗនៃអង្គសន្និបាតរបស់ក្រសួងអធិការកិច្ច ដោយបានជម្រាបជូនថា រយៈពេល១ថ្ងៃកន្លះនេះ អង្គសន្និបាត បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទនៈ ដោយមានវាគ្មិនសំខាន់ៗ បានធ្វើបទបង្ហាញផ្តោតលើ ជ្រុងយុទ្ធសាស្ត្រទាំង ៨ របស់ក្រសួងអធិការកិច្ច ដូចមាននៅក្នុងយុទ្ធសាស្ត្រ «ព៤៨៤»។ ជាមួយគ្នានេះ សន្និបាតក៏មាន ការចូលរួមពីវាគ្មិនសំខាន់មកពីអគ្គាធិការដ្ឋាននៃក្រសួងស្ថាប័ន ចំនួន៣ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងពាណិជ្ជកម្ម ព្រមទាំង មន្ទីរអធិការកិច្ចខេត្តចំនួន៣ ដែលបានចែករំលែកបទពិសោធពាក់ព័ន្ធការងារអធិការកិច្ច។ ការចូលរួមនេះបានបង្ហាញពីកិច្ចសហការ និងការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកជាមួយក្រសួងអធិការកិច្ច ដើម្បីអភិវឌ្ឍវិស័យអធិការកិច្ច។ លើសពីនេះ អង្គសន្និបាតក៏បានពិភាក្សាលើទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ និង យុទ្ធសាស្ត្រ «ព៤៨៤» ដែលជាយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងអធិការកិច្ច ផងដែរ។ ជារួម អង្គសន្និបាត បានបង្ហាញពីការគាំទ្រលើទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង និងការដាក់ចេញនូវយុទ្ធសាស្ត្រ «ព៤៨៤» ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងវិស័យអធិការកិច្ច ដើម្បីអភិវឌ្ឍវិស័យអធិការកិច្ច សំដៅចូលរួមជំរុញឱ្យសង្គមកម្ពុជា មានភាពធន់ និងភាពប្រកួតប្រជែង ព្រមទាំងធ្វើឱ្យស្ថាប័នសាធារណៈមានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាបន្ន ព្រមទាំងចូលរួមធានាបាននូវយុត្តិធម៌ តម្លាភាព និងអភិបាលកិច្ចល្អ តាមរយៈបេសកកម្មច្បាស់លាស់និងមុតស្រួច ក្នុងការពង្រឹង និងលើកកម្ពស់ទំនុកចិត្តលើ ស្ថាប័នសាធារណៈ៕