ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារ ចុះជួយសង្កាត់ វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ ក្រោមពាក្យស្លោក « យើងជឿជាក់លើការអប់រំ »
«យើងជឿជាក់លើការអប់រំ» នេះជាពាក្យស្លោករបស់ ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អនុប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងជាប្រធានគណៈកម្មការជំរុញការសិក្សាសិស្ស នៃវិទ្យាល័យ អ៊ីជិយីគិ វាលពង់។
ក្រុមការងារចុះជួយសង្កាត់វាលពង់ ក្រោមមួកជាប្រធានគណៈកម្មការជម្រុញការសិក្សាសិស្សនៅវិទ្យាល័យអ៊ិជិយិគិវាលពង់ បានដឹកនាំ ក្រុមការងារ រៀបចំកម្មវិធី “ពិចនិចសិក្សា” លើកទី៣ ដោយ
លេីកទី១រៀបចំជូន សិស្សានុសិស្សថ្នាក់ទី៧
លេីកទី២រៀបចំជូនសិស្សានុសិស្សថ្នាក់ទី៨
និងលេីកទី៣ជាមួយសិស្សានុសិស្សថ្នាក់ទី៩ គួបសិស្សទី១០ នៃវិទ្យាល័យ អ៊ីជិយីគិ វាលពង់ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម លី ច័ន្ទតុលា បានបញ្ជាក់ថា កម្មវិធី “ពិចនិចសិក្សា” រៀបចំឡើងដោយ បាននាំសិស្សានុសិស្ស ចេញក្រៅទីធ្លាសាលារៀន ប្តូរបរិយាកាស នៃការសិក្សា និងរៀនអំពីចំណុចមួយចំនួន ដែលមិនមានក្នុងកម្មវិធីសិក្សារបស់សាលារៀន។ តាមរយៈនេះ សិស្សានុសិស្សទាំងអស់នឹងបានស្វែងយល់អំពីកិច្ចការចំនួន៣ គឺទី១.រៀនអំពីវីធីសាស្ត្រដើម្បីឲ្យខ្លួនឯងរៀនបានពូកែ ទី២.រៀនអំពីការធ្វើលំហាត់សមាធិដើម្បីផ្ចង់អារម្មណ៍អោយបានមូល និងទី៣.រៀនអំពីការធ្វើលំហាត់ប្រាណយូហ្គា។
ដើម្បីនាំសិស្សអោយរៀនបានពូកែ សិស្សានុសិស្សទាំងអស់បានទទួលការណែនាំ អោយចេះកំណត់ពិន្ទុគោលដៅដែលខ្លួនចង់បានតាមមុខវិជ្ជានីមួយៗ និង ត្រូវចេះតាមដាន និង ពិចារណាជរៀងរាល់ខែលើលទ្ធផលនៃការសិក្សា។ សិស្សានុសិស្សទាំងអស់ក៏ទទួលបានការណែនាំ និង បង្វឹកអោយចេះធ្វើកាលវិភាគរៀនប្រចាំថ្ងៃទាំងនៅផ្ទះនិងនៅសាលាអោយបានត្រឹមត្រូវ។ សិស្សានុសិស្សទាំងអស់ទទួលយកនូវឱវាទប៉ាម៉ានីចំនួន២ឃ្លាដើម្បីទុកជាគោលការណ៍ដឹកនាំខ្លួនតាំងពីក្មេង នោះគឺ ខ្ញុំមិនខ្ជិលដាច់ខាត និង ធ្វើអ្វីធ្វើអោយល្អបំផុត។
ក្នុងកម្មវិធីនេះ ឯកឧត្តម លី ច័ន្ទតុលា បានផ្តាំផ្ញើទៅកាន់សិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យពូកែ ដើម្បីឈោងចាប់យកអាជីពការងារ ដែលខ្លួនស្រឡាញ់ ដើម្បីក្លាយជាធនធានមនុស្សដ៏ពូកែ មានចំណេះដឹង មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសនោះគឺប្រកបដោយសុជីវធម៌ គុណធម៌ សីលធម៌ ទាំងក្នុងទំនាក់ទំនង និងសង្គមរស់នៅផងដែរ។
ក្រុមការងារចុះជួយសង្កាត់វាលពង់ តែងតែគិតគូរជានិច្ចអំពីវិស័យអប់រំ ហើយផ្តោតសំខាន់ជាពិសេស ទៅលើការសិក្សារបស់សិស្សរាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។ គួរបញ្ជាក់ផងដែរថាក្រុមការងារចុះជួយសង្កាត់វាលពង់ដឹកនាំដោយឯឧលីច័ន្ទតុលា ជាក្រុមការងារមួយក្នុងចំណោមក្រុមការងារចុះជួយឃុំទាំង៨៨នៅខេត្តកំពង់ស្ពឺ ដែលមានឯឧហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និង បានចូលរួមក្នុងវិស័យអប់រំនៅគ្រប់កម្រិតសិក្សាតាំងពីឆ្នាំ២០១៥ និង បានកសាងអគារសាលាបឋមសិក្សាថ្មីចំនួន៣ ជួសជុលអគារសិក្សាចំនួន២ ផ្តល់ជូននូវភាពកក់ក្តៅជូនគ្រូចំនួន150 នាក់ និងសិស្សសរុបទាំងបឋមនិងអនុវិទ្យាល័យ វិទ្យាល័យសរុបចំនួន ជិត៤ពាន់នាក់ ដែលស្មើនឹង សាលាបឋមសិក្សារដ្ឋចំនួន៩ សាលាមត្តេយ្យសហគមន៍ចំនួន១ សាលាពុទ្ធបឋមសិក្សាចំនួន១ និង អនុវិទ្យាល័យវិទ្យាល័យចំនួន១។
នៅចុងបញ្ចប់នៃកម្មវិធី “ពិចនិចសិក្សា” លោកជំទាវ ឈីវ ភិរម្យ បានផ្តាំផ្ញើទៅសិស្សគ្រប់រូបឲ្យប្រតិបត្តិ និងអនុវត្តកិច្ចការចំនួន២សំខាន់ៗ ទី១.ត្រូវរៀបចំធ្វើកាលវិភាគប្រចាំថ្ងៃនិង ប្រចាំសប្តាហ៌របស់ខ្លួន ទី២.ធ្វើតារាងពិន្ទុប្រចាំខែចំពោះគ្រប់មុខវិជ្ជាទាំងអស់ និងតាមដានលទ្ធផលនៃការអនុវត្តរបស់ខ្លួន។ ក្រៅពីនេះ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ បានជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមមាន តុក្កតា ច្រាស់ដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន ព្រមទាំងបានរៀបចំអាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ជូនសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ផង ៕



