ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ នៅប្រទេសហ្វីលីពីន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចេញដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (11th Meeting of the ASEAN–OECD Good Regulatory Practice Network – GRPN) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម លី ច័ន្ទតុលា អមដំណើរដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ផងដែរ។
កិច្ចប្រជុំលើកទី១១ នេះ រៀបចំឡើងក្រោមមូលបទ «ពីភាពស្មុគស្មាញទៅរកភាពច្បាស់លាស់៖ រួមគ្នាជំរុញការធ្វើសាមញ្ញកម្ម» (Complexity to Clarity: Advancing Simplification Together) ដោយផ្តោតលើការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីការកាត់បន្ថយភាពស្មុគស្មាញនៃបទប្បញ្ញត្តិ ការពង្រឹងការសម្របសម្រួលរវាងស្ថាប័ន ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាពបទប្បញ្ញត្តិ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម លី ច័ន្ទតុលា គ្រោងធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ «ការកែទម្រង់ច្បាប់នៅកម្ពុជាតាមអភិក្រមរដ្ឋាភិបាល» (Whole-of-Government Legal Reform in Cambodia) ក្នុងវគ្គទី២ ស្តីពី «ការសម្របសម្រួលសកម្មភាពរបស់រដ្ឋាភិបាលដើម្បីការកែទម្រង់៖ សកម្មភាពរួមគ្នាសម្រាប់ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងការធ្វើសាមញ្ញកម្ម» (Aligning Government for Reform: Coordinated Action for Regulatory Burden Reduction and Simplification)។
ជាមួយគ្នានេះ ឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គ្រោងធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ «ការវាយតម្លៃផលប៉ះពាល់បទប្បញ្ញត្តិ និងការអនុវត្តបទប្បញ្ញត្តិល្អនៅកម្ពុជា៖ ការពង្រឹងគុណភាពនៃការវាយតម្លៃផលប៉ះពាល់បទប្បញ្ញត្តិ និងការត្រៀមលក្ខណៈសម្រាប់ការអនុវត្តបទប្បញ្ញត្តិល្អ» (RIA and GRP in Cambodia: Strengthening RIA Quality and Preparing for GRP) ក្នុងកិច្ចពិភាក្សាតុមូលនៃវគ្គទី៨ ស្តីពី «ការអនុវត្តបទប្បញ្ញត្តិល្អនៅក្នុងបណ្ដាប្រទេសអាស៊ាន និង OECD» (Roundtable on Good Regulatory Practices in ASEAN and OECD Countries)។
ក្រៅពីការចូលរួមកិច្ចប្រជុំខាងលើ គណៈប្រតិភូកម្ពុជាក៏គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយ អាជ្ញាធរកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញនៃប្រទេសហ្វីលីពីន (Anti-Red Tape Authority – ARTA) តំណាងកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន–ចក្រភពអង់គ្លេស (ASEAN–UK Economic Integration Programme – EIP) និងលេខាធិការដ្ឋាននៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD Secretariat) ដើម្បីផ្លាស់ប្តូរបទពិសោធ ពិភាក្សាអំពីការកែទម្រង់បទប្បញ្ញត្តិ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យពាក់ព័ន្ធ។
ការចូលរួមរបស់គណៈប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំនេះ ជាឱកាសដ៏សំខាន់ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយបណ្ដាប្រទេសអាស៊ាន និង OECD ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីស្វែងយល់ពីវិធីសាស្ត្រកែលម្អគុណភាពបទប្បញ្ញត្តិ ដែលអាចរួមចំណែកគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។


