ឯកឧត្តម លី កុសល៖ សហព័ន្ធវាយសីខិតខំអំពាវនាវស្វះស្វែងរកប្រភពចំណូលពីសប្បុរសជន ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជ័យលាភី

សហព័ន្ធកីឡាវាយសីកម្ពុជា បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រូបង្វឹកកីឡាករកីឡាការិនីវាយសីកម្ពុជា ដែលបានប្រឹងប្រែងដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ជូនជាតិ និងសហព័ន្ធ សរុបចំនួន១៥លាន២សែនរៀល ពីការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ (BA SEA Regional Championship 2025) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ កាលពី ខែ កក្តដា ឆ្នាំ២០២២៥ ។
ពិធីប្រគល់រង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា .ថ្នាក់ដឹកនាំតំណាងក្រសួងអប់រំយុវជននិងកីឡា និងតំគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានជម្រាបជូនថា ការប្រកួតកីឡាវាយសីប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ (BA SEA Regional Championship 2025) បានធ្វើឡើង កាលពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានប្រតិភូ កីឡាករ កីឡាការិនីចូលរួមសរុប៧៧នាក់មកពី៥ប្រទេស ក្នុងនោះប្រតិភូ គ្រូបង្វឹកអត្តពលិកកម្ពុជា ២៧នាក់។ ការរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា គឺទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ហើយអ្វីជាការកត់សម្គាល់នោះ គឺការរៀបចំនេះទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហព័ន្ធកីឡាវាយសីអាស៊ី (BA) ព្រមទាំងប្រតិភូ អត្តពលិកមកពី៤ប្រទេសផ្សេងទៀត ដែលជំរុញឱ្យព្រឹត្តិការណ៍ទាំងមូលទទួលបានភាពជោគជ័យ ព្រមទាំងមានការចងចាំនូវអនុស្សាវរីយ៍ល្អៗពីម្ចាស់ផ្ទះកម្ពុជាផងដែរ។
ឯកឧត្តម លី កុសល បានគូសបញ្ជាក់ថា ភាពគជ័យក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសីប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ (BA SEA Regional Championship 2025) កម្ពុជាដណ្តើមបានមេដាយសរុប ២៨គ្រឿង ប៉ុន្តែមេដាយទាំងនេះមិនស្ថិតក្រោមការគ្របដណ្តប់របស់អនុក្រិត្យនៃប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលឡើយ ដោយសហព័ន្ធខិតខំអំពាវនាវស្វះស្វែងរកប្រភពចំណូលពីសប្បុរសជននានា ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជ័យលាភីកម្ពុជា។
ឯកឧត្តម លី កុសល មានប្រសាសន៍ទៀតថា ដោយហេតុព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ BA SEA Regional Championship 2025 មិនស្ថិតក្នុងការគ្របដណ្តប់របស់អនុក្រិត្យនៃប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដូច្នេះហើយកម្មវិធីឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត ពេលនេះ គឺជាថវិកាផ្ទាល់របស់សហព័ន្ធ ដែលខិតខំអំពាវនាវស្វះស្វែងរកប្រភពចំណូលពីសប្បុរសជននានា ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជ័យលាភីរបស់យើង ដែលត្រូវផ្តល់ជូនជ័យលាភីមេដាយមាស៨នាក់ មេដាយប្រាក់៨នាក់ មេដាយសំរឹទ្ធ៥នាក់ ព្រមទាំងគ្រូបង្វឹក២នាក់ផងដែរ។
ប្រធានសហព័ន្ធវាយសីកម្ពុជាបានបង្ហាញក្តីរំភើបជាខ្លាំង និងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជោគជ័យជាប្រវត្តិសាស្ត្ររបស់កីឡាករ កីឡាការិនីវាយសីកម្ពុជា ដែលបានទទួលជ័យលាភី នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ (BA SEA Regional Championship 2025) ដោយបាននាំមកជូនជាតិនូវមេដាយមាស៥គ្រឿង មេដាយប្រាក់១២គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង សរុប២៨គ្រឿង។ ប្រទេសដែលចូលរួមទាំងអស់មានចំនួន៥ គឺកម្ពុជា មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និងទីម័រខាងកើត។
ឆ្នាំនេះម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយមាសសរុបរហូតដល់៥គ្រឿងលើសពីការគ្រោងទុកដែលកំណត់តែ២គ្រឿង ជាការសាងប្រវត្តិសាស្ត្រថ្មីមួយ និងជាប្រវត្តិសាស្ត្ររបស់កីឡាវាយសី ដែលពុំធ្លាប់ទទួលបានមេដាយមាសច្រើនបែបនេះ ក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២។
ប្រទេសមីយ៉ាន់ម៉ាទទួលបានមេដាយមាស១២គ្រឿងពិតមែន ប៉ុន្តែបើគិតអំពីចំនួនមេដាយសរុប គឺកម្ពុជាទទួលបានមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតនេះដោយបានទទួលមេដាយ២៨គ្រឿង ខណៈមីយ៉ាន់ម៉ាបានទទួលមេដាយត្រឹម ២៣គ្រឿងប៉ុណ្ណោះ។
ជាមួយគ្នានេះ ឯកឧត្តម លី កុសល មានប្រសាសន៍ថា កីឡាករ និងកីឡាការិនី ដែលជាតួអង្គសំខាន់ជាងគេត្រូវតែយកចិត្តទុកដាក់គោរពវិន័យពេលវេលាហ្វឹកហាត់ឱ្យបានទៀងទាត់កុំខ្ជិលច្រអូស កុំទម្រន់ ត្រូវឧស្សាព្យាយាមប្រឹងប្រែងឱ្យអស់ពីសមត្ថមភាពក្នុងការលត់ដំអត្តចរិត សីលធម៌ អាកប្បកិរិយាសមរម្យ ទន់ភ្លន់តែម៉ឺងម៉ាត់ សមជាជនគំរូដ៏ល្អបានការគាំទ្រ ស្រឡាញ់រាប់អានពីមហាជន ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម ដើម្បីអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងទទួលបានមេដាយមាសបន្ថែមជាច្រើនទៀត សម្រាប់ការប្រកួតថ្នាក់តំបន់ ឬថ្នាក់អន្តរជាតិបន្តទៀត ជាពិសេសឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដោយយើងទាំងអស់គ្នាប្តេជ្ញាថាត្រូវតែខិតខំដណ្តើមមេដាយមាសឱ្យបានជាដាច់ខាតជូនជាតិមាតុភូមិកម្ពុជា៕