ឯកឧត្តម រដ្ឋលេខាធិការ សុខ ប្រសិទ្ធិ អរគុណដល់សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីប្រទេសថៃ ដែលបានផ្តល់អាហារូបករណ៍ដល់ក្រសួងព័ត៌មាន សម្រាប់ជូននិស្សិត ឬមន្រ្តីក្រសួងដែលមានសមត្ថភាពទទួលអាហារូបករណ៍

ឯកឧត្តម រដ្ឋលេខាធិការ សុខ ប្រសិទ្ធិ អរគុណដល់សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីប្រទេសថៃ ដែលបានផ្តល់អាហារូបករណ៍ដល់ក្រសួងព័ត៌មាន សម្រាប់ជូននិស្សិត ឬមន្រ្តីក្រសួងដែលមានសមត្ថភាពទទួលអាហារូបករណ៍

(ភ្នំពេញ)៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធាន មនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសថៃ ។

  ក្នុងឱកាសនេះ ឯកឧត្តម សុខ ប្រសិទ្ធិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ ដើម្បីរួមចំណែកការលើកកម្ពស់វិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនកម្ពុជា និងយុវជនថៃ។  

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បាន រំលឹកពីកិច្ចការងារសំខាន់ៗមួយចំនួន ដោយក្នុង នោះចាប់តាំងពីឆ្នាំ២០១៧ មក សម្ពន្ធយុវជនអាហារូបករណ៍ស២ និងសាកលវិទ្យាល័យរាជផាត់ ឧបុរាជធានី បានធ្វើសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់អាហារូបករណ៍ រៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់យុវជនផងដែរ ។ តាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ បានជួយបង្កើតឱកាសថ្មីៗសម្រាប់និស្សិតបានបន្តការសិក្សានីក្រៅប្រទេស និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចជាប្រយោជន៍សម្រាប់ការងារនាពេលអនាគត។ ក្នុងន័យនេះដែរ ឆ្នាំសិក្សា២០២៤-២០២៥ នេះ សាកលវិទ្យាល័យមាននិស្សិតកម្ពុជាចំនួន ២៨២នាក់ បាននឹងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧នាក់។

  ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង និងច្រើនជំនាញជូនដល់និស្សិតនៃព្រះរាជាណាចក្រកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះ មាននិស្សិតមួយចំនួនបានបញ្ចប់ការសិក្សារបស់ខ្លួន និងវិលត្រឡប់មកបម្រើការជូនជាតិមាតុភូមិវិញ ហើយក៏មាននិស្សិត មួយចំនួនទៀតក៏កំពុងតែបន្តការសិក្សារបស់ខ្លួន ។

  លោក Thamarak La-Ongual បានសំដែងនូវការរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងជួបនិស្សិតដែលធ្លាប់បានទៅសិក្សានៅ សាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ ។ តាមរយៈកិច្ចពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ប្រសិទ្ធ នាឱកាសនេះ លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat ប្រទេសថៃ បានបញ្ជាក់ជំហរក្នុងការបន្តពង្រឹងពង្រីកកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជាឲ្យបានកាន់តែល្អបន្ថែមទៅ លើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាព និងជំនាញវិជ្ជាជីវៈដល់សិស្ស និស្សិតកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត ៕