ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ តួនាទីរបស់មន្ទីរព័ត៌មាន គឺជាគណៈបញ្ជាការបស់គណៈអភិបាលរាជធានី-ខេត្ត លើកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន ដែលពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន មានសមត្ថភាព ចំណេះដឹងជំនាញ ចេះកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ តួនាទីរបស់មន្ទីរព័ត៌មាន គឺជាគណៈបញ្ជាការបស់គណៈអភិបាលរាជធានី-ខេត្ត លើកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន ដែលពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន មានសមត្ថភាព ចំណេះដឹងជំនាញ ចេះកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន,

ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញ ខេត្ត-រាជធានីរបស់ខ្លួន ដោយត្រូវបន្តពង្រឹងសមត្ថភាពរបស់មន្ត្រីក្រោមឱវាទ និងចូលរួមឱ្យកាន់តែសកម្មភាពបន្ថែមទៀតទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់ទំនុកចិត្តជូនសាធារណជន,

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការគ្រប់គ្រងមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នាសាលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។ 

កិច្ចប្រជុំនាឱកាសនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥, ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ប្រធាន អនុប្រធានមន្ទីរព័ត៌មានរាជធានី ខេត្តទាំង ២៥។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីព័ត៌មាន មិនមែនគ្រាន់តែចេញទៅយកព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយនោះទេ ក៏ប៉ុន្តែត្រូវតែគិតគូរពីការរៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់នៃការបញ្ចេញមតិ ដោយស្ថិតនៅក្រោមច្បាប់រដ្ឋទាំងអស់។ 

ជាមួយនេះ មន្ទីរព័ត៌មាន មិនមែនគ្រាន់តែជាអ្នកប្រមូលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសជាតិ។ ដូច្នេះគឺត្រូវការមន្ត្រី និងអ្នកសារព័ត៌មាន ដែលមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់លើវិស័យសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាធានាពីសន្តិសុខព័ត៌មាននៅកម្ពុជា ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែងជាមួយនឹងបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម បានលើកឡើងវិញថា បច្ចុប្បន្ននេះនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត គឺក្រសួងព័ត៌មានបានបង្កើតមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណមតិ មានគ្នាចំនួន ៥រូប នៅថ្នាក់រាជធានី-ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពីកម្ពុជានៅលើសារដែលបង្ហោះតាមបណ្ដាញសង្គម។ ការផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុង ជ្រោយទាំងឡាយអំពីកម្ពុជា បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់នោះគឺស្ថានភាព និងការវិវឌ្ឍជាវិជ្ជមាន ជាក់ស្តែងនៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកដល់ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ រួមគ្នាឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់ទំនុកចិត្តជូនសាធារណជន ព្រោះព័ត៌មានក្លែងក្លាយបានបង្កការលំបាកជាច្រើននៅក្នុងសង្គមកម្ពុជា ពីព្រោះលទ្ធភាពនៃការបញ្ចេញព័ត៌មាន ក្លែងក្លាយកាន់តែសម្បូរបែប ដោយក្នុងនោះបណ្តាញសង្គម Facebook និង TikTok គឺជាប្រភពធំក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ ជាពិសេសនៅក្នុងដំណាក់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបំពេញមុខងារស្នូលរបស់ខ្លួនចំនួន ២ គឺដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងខេត្ត និងដើរតួនាទីជាអង្គគាំទ្រក្នុងមុខងារផ្នែកទំនាក់ទំនងសាធារណៈដល់រដ្ឋបាលខេត្តនិងមន្ទីរជំនាញចំណុះខេត្តក្នុងការផ្សព្វផ្សាយពីគោលនយោបាយសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធិផលនិងការអភិវឌ្ឍនានាក្នុងខេត្តរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទូទៅដើម្បីឱ្យពួកគាត់បានជ្រាបយល់ដឹងឱ្យបានទូលំទូលាយ។ 

មន្ទីរព័ត៌មាន ត្រូវបង្កើននូវស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មោះមុតនឹងការងារដោយផ្អែកលើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានលឿនរហ័ស និងមាន ប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោររបស់ រាជធានី ខេត្ត រៀងៗខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ ៕