ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» ដើម្បីពង្រឹងនិងបញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្ត្រីកាន់តែមានសមត្ថភាព និងប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចការងារបច្ចុប្បន្ន និងពេលអនាគត,

( ភ្នំពេញ )៖ បន្ទាប់ពីបានដំណើរការអស់រយៈពេល ៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានប្រារព្ធបិទនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

លោកជំទាវ ទេស ផល្លីន អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាល “ការគ្រប់គ្រងធនធានមនុស្ស” រៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដែលមាបសិក្ខាកាមមកពីអគ្គនាយកដ្ឋានទាំង៥ អង្គភាពនានាចំណុះក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥ សរុបជាង ១២២រូប។ ផ្អែកលើលទ្ធផលប្រឡងមុន និងក្រោយទទួលបានការបណ្តុះបណ្តាល សបញ្ជាក់ឱ្យឃើញថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងបានត្រឹមត្រូវ ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ លោកជំទាវអគ្គនាយិកា បានបញ្ជាក់ថា តាមរយៈការវាយតម្លៃជារួមលើការរៀបចំវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់ដើម្បីឱ្យក្រុមការងារបានដឹងអំពីប្រសិទ្ធភាពនៃការសម្របសម្រួលរៀបចំ និងកែសម្រួលរាល់ចំណុចខ្វះខាតដែលសិក្ខាកាមបានលើកឡើង។ ជាមួយគ្នានេះដែរ សិក្ខាកាមទាំងអស់ពេញចិត្តនឹងការរៀបចំវគ្គបណ្តុះបណ្តាល និងចង់ឱ្យមានការរៀបចំវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្តទៀត ដោយយល់ថាវគ្គបណ្តុះបណ្តាលគឺមានសារៈសំខាន់សម្រាប់មន្ត្រីរាជការទទួលចែករំលែកចំណេះដឹងបទពិសោធន៍ ដើម្បីឲ្យមន្ត្រីមានសមត្ថភាព និងពង្រឹងការអនុវត្តលើកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសតម្រង់ទិសការងារដល់មន្ត្រីពាក់ព័ន្ធឱ្យជ្រួតជ្រាបកាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃការគ្រប់គ្រង ធនធានមនុស្សនៅក្នុងអង្គភាពចំណុះក្រសួងព័ត៌មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» ដែលបានបង្ហាញពីការកើនឡើងនៃការយលដឹងដែលជាចំណុចសំខាន់ដែល ឯកឧត្តមរដ្ឋមន្ត្រី ចង់បាននោះ គឺការឃើញកំណើននៃការរីកចម្រើននៃសមត្ថភាពរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ស្ថិតនៅក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប សំដៅទៅលើការធ្វើទំនើបកម្មមិនត្រឹមតែទំនើបកម្ម បែបរឹងនោះទេ តែធ្វើទំនើបកម្មបែបទន់ផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើទំនើកម្មបែបរឹង គឺការសាងសង់អគារ សំណង់ផ្សេងៗ រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រសួង រៀបចំកន្លែងឲ្យមន្ត្រីធ្វើការបានសមរម្យ ផ្តល់សម្ភារៈបរិក្ខាអោយមន្ត្រីប្រើប្រាស់បំពេញការងារគ្រប់គ្រាន់ ។ ចំពោះការធ្វើទំនើបកម្មបែបទន់ នោះគឺការធ្វើទំនើបកម្មលើសមត្ថភាពរបស់មន្ត្រី ឲ្យរឹងមាំ មានជំនាញគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយគុណភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមដំណើរការអភិវឌ្ឍន៍ជាតិ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល៕