ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» ដើម្បីតម្រង់ទិសការងារដល់មន្ត្រីពាក់ព័ន្ធឱ្យជ្រួតជ្រាបកាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃការគ្រប់គ្រង ធនធានមនុស្សនៅក្នុងអង្គភាពចំណុះក្រសួងព័ត៌មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

( ភ្នំពេេញ )៖ វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» រៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានប្រារព្ធបើកនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
តាមរបាយការណ៍របស់ លោកស្រី ប៊ុតផន សុផាណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងធនធានមនុស្ស” ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពង្រឹង សមត្ថភាពនិងចំណេះជំនាញរបស់មន្ត្រីរាជការ ដែលកំពុងអនុវត្តការងារនៅតាមអង្គភាពចំណុះក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចការងារគ្រប់គ្រងធនធានមនុស្ស។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្សារភ្ជាប់ទាំងការបញ្ជ្រាបចំណេះដឹងនិងតម្រង់ទិសការងារដល់មន្ត្រីពាក់ព័ន្ធឱ្យជ្រួតជ្រាបកាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃការគ្រប់គ្រង ធនធានមនុស្សនៅក្នុងអង្គភាព ក៏ដូចជាការរៀបចំចាត់ចែងលើបម្រែបម្រួលស្ថានភាពមន្ត្រីឱ្យបានទាន់ពេល វេលារួមមាន ការត្រៀមលក្ខណៈក្នុងការពិនិត្យនិងវាយតម្លៃមន្ត្រីនៅតាមអង្គភាពនីមួយៗដើម្បីរៀបចំស្នើសុំ ដំឡើងថ្នាក់ឋានន្តរសក្តិ ស្នើសុំមេដាយ និងគ្រឿងឥស្សរិយយស ព្រមទាំងពិនិត្យលើតម្រូវការក្នុងការអភិវឌ្ឍ សមត្ថភាពមន្ត្រីបន្តវេននៅតាមអង្គភាព ជំនួសមន្ត្រីដែលនឹងចូលនិវត្តន៍ ឬទទួលបានការចាត់តាំងក្នុងមុខ តំណែងថ្មី។
តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺស្រមតាមផែនការកសាងនិង អភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោទស្សន៍ឆ្នាំ២០២៥ -២០២៨ ដែលបានដាក់ចេញដោយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន។ ដូច្នេះហើយ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាអង្គភាពគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស បានសហការជាមួយលេខាធិការដ្ឋាន ក.អ.ម រៀបចំវគ្គ បណ្តុះបណ្តាលនេះឡើង ដែលជាវេទិកាចែករំលែកចំណេះដឹងបទពិសោធន៍ និងបញ្ហាប្រឈមជូនដល់ សិក្ខាកាមដើម្បីពង្រឹងសមត្ថភាព និងពង្រឹងការអនុវត្តលើកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សិក្ខាកាមដែលចូលរួមនាឱកាសនេះជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងព័ត៌មាន ចាប់ពីមន្ត្រីរហូតដល់អនុប្រធាននាយកដ្ឋានដែលទទួលបន្ទុកកិច្ចការបុគ្គលិក មកពីអគ្គនាយក ដ្ឋានទាំង៥ និងអង្គភាពចំណុះក្រសួង ព្រមទាំងមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត សរុបចំនួន ១១៦នាក់៕