ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងថា បើសិនគ្មានថ្ងៃ២ ធ្នូ ទេ ក៏គ្មានថ្ងៃ ៧មករា នោះដែរ,២ធ្នូ និង ៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអាចរួមគ្នាកសាងប្រទេសជាតិអោយមានការអភិវឌ្ឍ មានសុខសន្តិភាពរហូតមកដល់ពេលនេះ
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងថា បើសិនគ្មានថ្ងៃ២ ធ្នូ ទេ ក៏គ្មានថ្ងៃ ៧មករា នោះដែរ,២ធ្នូ និង ៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអាចរួមគ្នាកសាងប្រទេសជាតិអោយមានការអភិវឌ្ឍ មានសុខសន្តិភាពរហូតមកដល់ពេលនេះ
ក្នុងរយៈ ៤៥ឆ្នាំ នៃដំណើររបស់កម្ពុជា បានឈរជើងយ៉ាងរឹងមាំ គឺចំណុចសំខាន់នៃសន្តិភាពដែលយើងការពារបានមានរយៈពេល ២៧ឆ្នាំ ដែលជាសន្តិភាពមួយមានរយៈពេលវែងនៅក្នុងពេល ១០០ឆ្នាំ ចុងក្រោយរបស់កម្ពុជា,
ដូច្នេះដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា គឺចេញពីប្រទេសដែលមានសង្គ្រាម មកជាប្រទេសដែលមានសន្តិភាព ដែលជាភាពជោគជ័យដ៏ធំដែលបណ្តាប្រទេសផ្សេងៗទៀតកម្រនឹងបានណាស់,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការប្រារព្ធ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨-២ធ្នូ ២០២៥ ) ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលប្រទេសកម្ពុជា រក្សាបាននូវសុខសន្តិភាពយូរអង្វែង គឺដោយសារសាមគ្គីភាព,
គណបក្សប្រជាជនកម្ពុជា ខ្លាំង ស្ថាប័នខ្លាំង ដោយសារថ្នាក់ដឹកនាំឈរជាមជ្ឍមណ្ឌលសាមគ្គីភាពរឹងមាំ ដែលឈរជាបង្គោលទៅឲ្យមន្ត្រីថ្នាក់ក្រោម ។ សាមគ្គីរស់ បែកបាក់ស្លាប់ ។
ឯកឧត្តម បានលើកឡើងថា ក្នុងរយៈ ៤៧ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើន ទម្រាំមានពេលនេះ ដែលទាមទារឲ្យយើងទាំងអស់គ្នា ថែរក្សាការពាររាល់សមិទ្ធិផលដែលមានឲ្យបានគង់វង្ស ហើយអ្វីគឺចាំបាច់បំផុតគឺសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាព និងស្ថេរភាព ឲ្យបានរឹងមាំបន្តទៅមុខទៀត។
នៅពីក្រោយនៃសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺពោរពេញទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជននិងមនុស្សជំនាន់មុន! អតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ពលរដ្ឋខ្មែរបាន បាត់បង់ជីវិតជាច្រើន ហើយអ្នកទាំងនោះតស៊ូដើម្បីការរស់រានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនខ្លួន។ ការលះបង់របស់មនុស្សជំនាន់មុនបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន។ ពលរដ្ឋខ្មែរបានដឹងច្បាស់ថាតើកម្ពុជាបច្ចុប្បន្នបានចេញពីកន្លែងណាពិតប្រាកដមួយ និងទិសដៅកម្ពុជាទៅមុខត្រូវបន្តទៅណាពិតប្រាកដដើម្បីរក្សានូវសុខសន្តិភាពដែលមាន ការអភិវឌ្ឍដែលពលរដ្ឋ ខ្មែរកំពុងទទួលបាន។ ពលរដ្ឋខ្មែរជំនាន់ក្រោយចងចាំជានិច្ចនូវការពលីរបស់មនុស្សជំនាន់មុន និងចងចាំនូវប្រវត្តិសាស្ត្រ ពិតនៃការតស៊ូលះបង់របស់បុព្វបុរសខ្មែរ ។ ដូច្នេះយើងត្រូវចងចាំជានិច្ចស្មារតី ២ធ្នូ ដែលជាកំលាំងសាមគ្គីជាតិយ៉ាងធំក្នុងការរំដោះប្រទេសពីរបបខ្មែរក្រហម ។ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
នៅក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា សូមធ្វើការឧទ្ទឹសថ្ងៃ ២ ធ្នូនេះ ជូនទៅយុទ្ធជន យុទ្ធនារី និងថ្នាកើដឹកនាំទាំងអស់របស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងជីវិត ដើម្បីចូលរួមក្នុងការរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម ហើយផ្តល់នូវឱកាសទៅឲ្យមនុស្សជំនាន់ក្រោយដើម្បីកសាងប្រទេស និងថែរក្សាការពារសន្តិភាពបន្តទៀត ៕



