ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីត ប្រធានមន្ទីរពេទ្យកាល់ម៉ែត ដែលបានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា អតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ។
សព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នាគេហដ្ឋានស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន និងក្នុងនាម ឯកឧត្តម ផ្ទាល់ ពិតជាមានសេចក្តី ក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង ពេលទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសាស្រ្តចារ្យ ហេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាពទៅគូរឲ្យសោកស្តាយបំផុត ព្រោះ ឯកឧត្តម ជាឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជន ជាពិសេស បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាពព្រមទាំងបានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន។
ការទទួលមរណភាពរបស់ ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី ជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក បងប្រុស ជីតា និងគ្រូបាធ្យាយគំរូប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លងមកបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ប្អូនៗ កូនៗ ចៅៗ និង សិស្សនិស្សិតឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ មរណភាព របស់ ឯកឧត្តមសាស្រ្តចារ្យ ក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំក្រសួងសុខាភិបាលដ៏សំខាន់មួយរូប ដែលបានរួម ចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី សូមបាន ទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕



