ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងថា យើងបន្ត “ រួមគ្នាធ្វើយ៉ាងណាលុបបំបាត់ឲ្យបាននូវការរើសអើងដល់ជនមានពិការភាព“ ទោះបីជាមានពិការភាពក្នុងទម្រង់ណាក៏ដោយ ក៏ត្រូវយកចិត្តទុកដាក់ ផ្តល់នូវការរាប់អានបន្ថែមទៀត, សូមកុំមើលឃើញតែពិការភាព តែមិនមើលឃើញពីសមត្ថភាព ទោះបីបុគ្គលនោះមានពិការភាពក៏ដោយ ប៉ុន្តែគាត់មានចំណុចខ្លាំង និងចំណុចវិជ្ជមានរបស់គាត់

ផ្តល់នូវក្តីស្រឡាញ់ ផ្តល់នូវការគោរព គឺជាការលើកទឹកចិត្តដល់ជនពិការ ទោះបីគាត់ខ្វះ អវៈយវៈ ឬពិការភាពក្នុងកម្រិតណាមួយ ប៉ុន្តែតម្លៃនៃមនុស្សរបស់គាត់, នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភា ឆ្នាំ២០២៤-២០២៨” និងប្រកាសសមាសភាពក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យើងមិនត្រូវមើលមនុស្សដោយពិការភាពរបស់គាត់នោះទេ ក៏ប៉ុន្តែត្រូវមើលមនុស្សដោយសមត្ថភាពរបស់គាត់ នេះជាចំណុចសំខាន់ក្នុងការធ្វើសមាហរណកម្ម ជនមានពិការភាពនៅក្នុងសង្គម ដោយមិនត្រូវចាត់ទុកថា ជនដែលមានពិការភាពគឺជាបន្ទុកសង្គម, ជនមានពិការជាអ្នកធ្វើឲ្យទឹស ជាបន្ទុករបស់គ្រួសារនោះទេ ប៉ុន្តែទឹកចិត្ត បេះដូងរបស់ជនមានពិការភាព បានជំនះ មិនត្រូវធ្វើជាបន្ទុកនៅក្នុងសង្គមនោះទេ។ តាមរយៈនេះក្រសួងព័ត៌មាន បានទទួលស្គាល់សមត្ថភាពរបស់ជនមានពិការភាព ដែលខិតខំប្រឹងប្រែងជំនះដោយមិនទុកឲ្យពិការភាពនេះ រួតរិតនៅក្នុងចិត្តរបស់គាត់នោះទេ។ ចាប់ពីឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ជនដែលមានពិការភាព បានចូលរួមបំពេញការងារនៅក្នុងក្រសួងព័ត៌មាន សរុបចំនួន ៥៩រូប ហើយបានចូលរួមយ៉ាងសកម្មក្នុងការបំពេញកិច្ចការងារជាមួយគ្នា ហើយសកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញថា ក្រសួងព័ត៌មាន មិនមានការរើសអើង ប្រកាន់ដល់អ្នកដែលមានពិការភាពនោះទេ ប៉ុន្តែថែមទាំងបានលើកទឹកចិត្តបន្ថែមទៀត។ តាមរយៈនេះ ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់គ្រប់អគ្គនាយកដ្ឋាន និងមន្ទីរព័ត៌មាន ដែលមានមន្ត្រីជាជនមានពិការភាពកំពុងបំពេញកិច្ចការងារ ត្រូវមានការលើកទឹកចិត្តតាមរយៈការតម្លើងតួនាទីទៅតាមសមត្ថភាពរបស់ពួកគាត់។ ទន្ទឹមនេះស្នើឲ្យមានការយកចិត្តទុកដាក់បន្ថែមចំពោះអ្នកសារព័ត៌មាន បើសិនជាមានពិការភាពត្រូវផ្តល់អាទិភាព ព្រោះអ្នកសារព័ត៌មានមួយចំនួន ក៏មានពិការភាពផងដែរ។ ត្រូវបង្កើនការសរសេរអត្ថបទព័ត៌មាន ដើម្បីជួយផ្លាស់ប្តូរឥរិយាបទរបស់អ្នកមួយចំនួន ដែលនៅបន្តរក្សាគំនិតចាស់គំរឹល ទៅលើការប្រកាន់ពិការភាពទៅលើរូបរាង តែមិនមើលសមត្ថភាពរបស់គាត់។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញឲ្យអ្នកសារព័ត៌មាន សរសេរអត្ថបទទាក់ទងតម្រូវការរបស់អ្នកដែលមានពិការភាព ហើយផ្សព្វផ្សាយអប់រំដល់សាធារណជនឲ្យយល់ពីផលប៉ះពាល់នៃការរើសអើងដល់អ្នកដែលមានពិការភាព បានកាន់តែទូលំទូលាយបន្ថែមទៀត។ ជាលទ្ធផលក្នុងរយៈពេលចុងក្រោយនេះបានបន្សាំគឺអ្នកមានពិការភាព និងអ្នកមិនមានពិការភាពគឺដូចគ្នា ហើយក៏បានឃើញថា ទឹកចិត្តអ្នកដែលមិនមានពិការភាព បានបង្ហាញនូវក្តីអាណិតទៅដល់អ្នកមានពិការភាព ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានរំលឹកឡើងវិញថា ក្នុងរយៈពេលកន្លងមក ក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន ក្រោមការដឹកនាំដោយ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើកិច្ចការងារច្រើនជាមួយជនមានពិការភាព ដូចជាសកម្មភាពមួយចំនួនជាមួយ កុមារអូទីស្សឹមនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងកុមារ គ ថ្លង់ ខេត្តកំពង់ចាម ។ ទន្ទឹមជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បានជំរុញឲ្យមានកម្មវិធីនៅក្នុងទូរទស្សន៍ជាតិ ដូចជាការប្រឡងសំនៀងជនពិការ , និងវិទ្យុជាតិកម្ពុជា បង្កើតកម្មវិធីជជែកកំសាន្តជាមួយបងប្អូនជនមានពិការភាពបានផ្តល់ឱកាសឲ្យជនពិការបានចូលរួមមតិយោបល់ និងបង្ហាញពីអារម្មណ៍របស់ខ្លួនត្រូវការ។ កន្លងមកនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាននាំយកនូវរទះរុញជនពិការ ជាអំណោយរបស់សប្បុរសជន យកទៅចែកជូនដល់គ្រប់ មណ្ឌលសុខភាព ប៉ុស្តីសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យក្នុងខេត្តក្រចេះ ទុកសម្រាប់ជួយសម្រួលដល់អ្នកជំងឺមានពិការភាព និងអ្នកជំងឺដែលដើរមិនរួច។ នៅក្នុងឱកាសបើកសិក្ខាសាលានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបពីចំនួន ជនដែលមានពិការភាព គិតត្រឹមឆ្នាំ២០២៣ មានចំនួន ៦៨៩ ៥៣២ នាក់គឺស្មើ ៤.៩% នៃប្រជាជនកម្ពុជាសរុប។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំជួយលើកកម្ពស់សិទ្ធិ ការចូលរួមប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាពនៅទូទាំងប្រទេស ដោយនៅក្នុងឆ្នាំ២០២៣ ជនមានពិការភាពចំនួន ៣ ៧៧៦នាក់បានចូលបម្រើការងារក្នុង វិស័យសាធារណៈចំនួន ៣៩កន្លែង ដែលស្មើនឹង២,០៥ភាគរយនៃមន្ត្រីបម្រើការងារសរុប និងជនមានពិការភាពចំនួន៣ ៧៥៩នាក់ បានចូលបម្រើការងារក្នុងវិស័យឯកជន។ ជនមានពិការភាពក្រីក្រនៅតាម សហគមន៍ចំនួន ១៩ ៤៣០នាក់ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល។

ជនមានពិការភាពចំនួន ២៩៧ ៣៣៦នាក់ ទទួលបានសេវាស្តារលទ្ធភាព ពលកម្មកាយសម្បទាប្រកបដោយគុណភាពដោយឥតគិតថ្លៃ។ ជនមានពិការភាព ចំនួន ២៩៤ ៧០៩នាក់ បានចុះឈ្មោះធ្វើអត្តសញ្ញាណកម្មជនមានពិការភាពហើយជនមានពិការភាព ចំនួន២២២ ១៤៨នាក់ទទួលបានបណ្ណសម្គាល់ពិការភាព៕