ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ៖ “ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងព័ត៌មានពិតត្រឹមត្រូវ “

( ភ្នំពេញ )៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ បានគូសបញ្ជាក់ថា “ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងព័ត៌មានពិតត្រឹមត្រូវ “ គឺជាកត្តាចាំបាច់បំផុតដែលត្រូវរួមសហការគ្នាឲ្យបានល្អក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល នាទីស្តីការក្រសួងព័ត៌មាន ក៏បានធ្វើការផ្លាស់ប្តូរមតិយោបល់ ទស្សនៈស៊ីជម្រៅដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានកាន់តែរីកចម្រើនឈានឡើងបន្ថែមទៀត, និយាយជារួម ព្រមទាំងយុទ្ធសាស្រ្តល្អៗ និងទាក់ទាញបន្ថែមជំរុញលើការអនុវត្តយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង (Green Season) ចាប់ពីខែឧសភា ដល់ខែតុលាដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ និយាយដោយឡែក ដើម្បីទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាដែលចូលរួមជួយកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនឱ្យទទួលបានចំណូលពេញមួយឆ្នាំ។
ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានធ្វើការចែករំលែកនូវទស្សនៈរួមគ្នាថាទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព និងរៀបគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងកា្លយដែលបំផ្លាញកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈសង្គមដ៏ល្អប្រសើរ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញធ្វើ «ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ»។
ពិធីផ្សព្វផ្សាយនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដែលជាយន្តការដើម្បីជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវ ទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ ខែតុលា។ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារៈសំខាន់៕