ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញចែកកង់ មួកសុវត្ថិភាព និងដបទឹក ដើម្បីគាំទ្រការសិក្សារបស់កុមារក្នុងសហគមន៍ ក្នុងស្រុកអូរគ្រៀងសែនជ័យ ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញធ្វើការចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ពិធីចែកកង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ។
តាមការបញ្ជាក់របស់ ឯកឧត្តម
ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ត្រូវបានអនុវត្តក្នុងគោលបំណងគាំទ្រការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដោយរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សពីកម្រិត បឋមសិក្សាទៅអនុវិទ្យាល័យ ដោយសារកង្វះមធ្យោបាយធ្វើដំណើរទៅសាលា និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់គ្រួសារសិស្សខ្វះខាតឱ្យកាន់តែប្រសើរឡើង ដោយរួមចំណែកកាត់បន្ថយថ្លៃចំណាយ និងពេលវេលារបស់ពួកគាត់ក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ជាពិសេសគម្រោងនេះនឹងបង្កើនការទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សឱ្យកាន់តែក្លាហានក្នុងការធ្វើដំណើរទៅសាលាដោយខ្លួនឯង។
គម្រោងនេះ នឹងចែកកង់ មួក និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន ៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ សរុបចំនួន ២០០កង់/មួក/ដប ដោយលើកទី១ នៅថ្ងៃទី២៥ នេះ ចំនួន ៧០កង់/មួក/ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ ។
លើកទី២៖ គ្រោងនឹងចែក ៩៧កង់/មួក/ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ។
លើកទី៣៖ គ្រោងនឹងចែក ៣៣កង់/មួក/ដបទឹក ដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់ ។
ក្រៅពីការចែកកង់ មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះ នឹងមានរៀបចំការបណ្តុះបណ្តាល អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្សដែលទទួលបានកង់ ដើម្បីជៀសវាងគ្រោះ ថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងផងដែរ៕