ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រជាពលរដ្ឋក្នុងឃុំស្នូលបានប្រើប្រាស់ ពិសេសដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង,

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងនូវការអរគុណដល់រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានផ្តល់នូវឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដល់ប្រជាពលរដ្ឋក្នុងឃុំស្នូល ខេត្តក្រចេះ បានប្រើប្រាស់ប្រចាំថ្ងៃ កាត់បន្ថយការចំណាយថវិកា ដែលកាលពីមុនប្រើភ្លើងបំភ្លើដោយអាគុយ តែឥឡូវប្រើដោយពន្លឺព្រះអាទិត្យ អាចសាកថ្មទូរសព្ទ បើកស្តាប់វិទ្យុ ពិសេសពិសេសជួយដល់សិស្សានុសិស្សមានឱកាសរៀនសូត្របន្ថែមនៅពេលយប់ មានភ្លើងភ្លើច្បាស់ល្អ មើលមេរៀន និងធ្វើលំហាត់ផ្សេងៗបានដោយងាយស្រួល ។
ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នាចំណុចអូរក្រុង នៃភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និង ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្រ្តខេត្តក្រចេះ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ពីសំណាក់រដ្ឋាភិបាលឥណ្ឌា នាឱកាសនេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវគម្រោងបំពាក់ឧបករណ៍ផ្តល់ ចរន្តអគ្គិសនីក្នុងផ្ទះ និងតាមបង្គោលភ្លើង បំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់រួមចំណែកជួយសម្រួលបញ្ហាខ្វះខាតថាមពលអគ្គិសនីជូនប្រជាពលរដ្ឋនៅជនបទនៃប្រទេសកម្ពុជា ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា ។ ក្រសួងព័ត៌មាន ក្នុងនាមជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាំយកគម្រោងនេះមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឆ្ងាយពីទីប្រជុំដែលមានខ្វះថាមពលអគ្គិសនីក្នុងការ ប្រើប្រាស់ប្រចាំថ្ងៃ បើទោះបីជាការផ្តល់ជូនប្រជាពលរដ្ឋនៅមិនទាន់ឆ្លើយតបទាំងស្រុងនៃសេចក្តីត្រូវការក៏ដោយ ប៉ុន្តែ វាបានចូលរួមចំណែកកាត់បន្ថយការលំបាកបានមួយផ្នែកនោះដែរ ។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីគ្របដណ្តប់ចរន្តអគ្គិសនីគ្រប់ផ្ទះទាំងអស់របស់ប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ផ្តល់នូវការគាំទ្រក្នុងកិច្ចការងារសង្គម ការកសាងនូវរាល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងការគិតគូរពីជីវិតរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយពេលបច្ចុប្បន្នបានផ្តល់ការគាំទ្រផ្នែកសុខភាព ចំពោះកើតជំងឺទឹកនោមផ្អែម លើសឈាម គឺគ្រូពេទ្យផ្តល់ថ្នាំលេបព្យាបាលជូនដោយឥតគិត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទៅ ពិនិត្យ ពិគ្រោះយោបល់ជាមួយគ្រូ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីថែរក្សា និងការពារសុខភាពឲ្យបានល្អ។
ឯកឧត្តម ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា មានប្រសាសន៍លើកឡើងថា
អគ្គិសនីមិនមែនជាល្អឥតខ្ចោះទៀតទេ តែវាជាតម្រូវការមូលដ្ឋានដែលជួយអភិវឌ្ឍដល់សហគមន៍។ លទ្ធភាពទទួលបានថាមពលស្អាត និងគួរឱ្យទុកចិត្ត ធ្វើឱ្យសុខភាពប្រសើរឡើង គាំទ្រការអប់រំ ជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព។ គម្រោងនេះនឹងជួយកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល និងការចំណាយថាមពលក្នុងគ្រួសារមានកំរិតទាប ហើយរួមចំណែកដល់គោលដៅនិរន្តរភាពបរិស្ថានរបស់កម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីគម្រោងទទួលផលរហ័ស QIP នេះ គឺមិនត្រឹមតែនាំមកនូវថាមពលដល់គេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនាគតដ៏ភ្លឺស្វាង និងបៃតងផងដែរ។ ថាមពលពន្លឺព្រះអាទិត្យតំណាងឱ្យទាំងការច្នៃប្រឌិត និងការរួមបញ្ចូលវាអាចទៅដល់សូម្បីតែតំបន់ដាច់ស្រយាលបំផុត ដែលថាមពលអគ្គិសនីបែបបុរាណប្រហែលជាមិនទាន់ដំឡើងនៅឡើយ៕