ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា សម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹងរបស់ប្រជាពលរដ្ឋឃុំស្នូល ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា,

(ក្រចេះ)៖ ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា,បងប្អូនប្រជាពលរដ្ឋឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ បានទទួលផលពីគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង ហើយគម្រោងនេះបានធ្វើពិធីសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នាចំណុចអូរក្រុង នៃភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។ ពិធីនេះក៏មានអញ្ចឹញចូលរួមពី ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្រ្តខេត្តក្រចេះ ។
តាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បសនឲ្យដឹងពីគោលបំណងសំខាន់នៃគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា,គឺដើម្បីផ្តល់លទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្នួល ឱ្យបានទទួលចរន្តអគ្គិសនី ប្រើប្រាស់សម្រាប់លំនៅឋានផង និងមានប្រព័ន្ធបំភ្លឺផ្លូវសាធារណៈនៅតាមដងផ្លូវផង ដែលដំណើរការដោយថាមពលពន្លឺ ព្រះអាទិត្យ។ ទាំងនេះមិនត្រឹមតែជាការបំពេញតម្រូវការមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដ៏ធំធេង ក្នុងការ លើកកម្ពស់គុណភាពជីវិត លើកកម្ពស់ការទទួលបានព័ត៌មាន និងចំណេះដឹង ក៏ដូចជាការអភិវឌ្ឍសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
វឌ្ឍនភាពនៃការអនុវត្តគម្រោង នឹងបំពាក់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យតាមផ្ទះប្រជាពលរដ្ឋ ចំនួន ៦០ខ្នងផ្ទះ នៅទូទាំង ៩ភូមិ ដែលបាននឹងកំពុងដាក់ ឱ្យប្រើប្រាស់ជាបណ្តើរៗ។ ជាមួយគ្នានោះដែរ ក៏មានការដំឡើង បង្គោលបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះ អាទិត្យ ចំនួន ៣៥ បង្គោល ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅកន្លែងមានតម្រូវការចាំបាច់ៗក្នុងឃុំ។
ការអនុវត្តគម្រោងនេះត្រូវបានបែងចែកជា ២ ដំណាក់កាល,ដំណាក់កាលទី ១៖ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវការបំពាក់ប្រព័ន្ធអគ្គិសនីតាមខ្នងផ្ទះដើរដោយថាមពល ពន្លឺព្រះអាទិត្យចំនួន ២៥ខ្នងផ្ទះ និងដំឡើងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ១៨បង្គោល ។ មកដល់ ពេលនេះ យើងសម្រេចបាន៩៥ភាគរយហើយ។
ដំណាក់កាលទី ២៖ សម្រាប់ចំនួនដែលនៅសេសសល់រួមមាន ៣៥ ខ្នងផ្ទះ និង ១៧បង្គោល នឹងត្រូវបន្តអនុវត្ត បញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ៕