ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋាន ជូនមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្នាក់មូលដ្ឋានលើកដំបូង ដល់មន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ បានធ្វើពិធីបើកនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និង វិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី១៩ ដល់៣០ ខែឧសភា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស និងការបណ្តុះស្មារតីមនសិការវិជ្ជាជីវៈដល់មន្ត្រីរាជការ ក្នុងការលើកកម្ពស់ ការងារប្រកបដោយប្រសិទ្ធផល និងបង្កើនសមត្ថភាព មន្ត្រីក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះ បែងចែកជា ៣វគ្គ ដោយដំណើរការព្រមគ្នាសម្រាប់អគ្គនាយកដ្ឋានទាំងបី គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានសារព័ត៌មាន កម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។
សិក្ខាកាមដែលជាមន្រ្តីរាជការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ មកពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចំនួន៣២នាក់, អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ចំនួន ៤០នាក់ , អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ៣៥នាក់, ក្នុងនោះមាន ២៥នាក់ មកពីមន្ទីរព័ត៌មាន រាជធានីខេត្ត ទាំង២៥ ៕