ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារត្រៀមរៀបចំរចនាសម្ព័ន្ធអង្គភាពថវិកា និងរៀបចំផែនការ សកម្មភាពនិងផែនការថវិកាក្រសួងព័ត៌មាន,
(ភ្នំពេញ)៖ កិច្ចប្រជុំពិភាក្សាលើការងារត្រៀមរៀបចំរចនាសម្ព័ន្ធអង្គភាពថវិកា និងរៀបចំផែនការសកម្មភាពនិងផែនការថវិកាក្រសួងព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កិច្ចប្រជុំនាឱកាសនេះមានការចូលរួមពីប្រធាននាយកដ្ឋានទាំង ២៨ចំណុះឲ្យ អគ្គលេខាធិការ ១ និងអគ្គនាយកដ្ឋានទាំង៤ នៃក្រសួងព័ត៌មាន ។ ប្រធាននាយកដ្ឋានមួយចំនួនខ្លះត្រូវបានតែងតាំងថ្មី ក្រោយពីអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ត្រូវបានចុះហត្ថលេខា ដាក់ឱ្យប្រើប្រាស់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍គូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល គឺក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងធ្វើការកែទម្រង់លើគ្រប់ផ្នែក ជំនាញដើម្បីពង្រឹងប្រសិទ្ធិភាពការឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ។ ទាក់ទងកិច្ចការងាររៀបចំផែនការសកម្មភាព និងផែនការថវិកា យើងបានខិតខំពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេសគឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ។
ឯកឧត្តម បានលើកទឹកចិត្តឱ្យគ្រប់អង្គភាពបន្តសហការគ្នាបានជិតស្និទ្ធ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ រៀបចំផែនការសកម្មភាព និងផែនការថវិកា ដើម្បីធានាថា ការរៀបចំ និងអនុវត្តផែនការថវិកានឹងសម្រេចបានលទ្ធផលល្អប្រសើរ និងចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញលើកទឹកដល់បណ្តាប្រធាននាយកដ្ឋានទាំងអស់ បន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីក្រោមឱវាទដើម្បីរួមគ្នាបំពេញឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការគោរពវិន័យការងារ និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឲ្យអង្គភាពដំណើរការយ៉ាងរលូន និងសម្រេចបានលទ្ធផលតាមគោលដៅដែលបានកំណត់៕



