ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យសម្រេចលើឯកសារក្របខណ័្ឌទស្សនាទានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងក្របខណ័្ឌទស្សនាទានសម្រាប់ការរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យសម្រេចលើឯកសារក្របខណ័្ឌទស្សនាទានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងក្របខណ័្ឌទស្សនាទានសម្រាប់ការរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះដើម្បីពិនិត្យ និងពិភាក្សាលើឯកសារសំខាន់ៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ការរួមគ្នាធ្វើកិច្ចការងារនេះ គឺមានសារៈសំខាន់ក្នុងការធ្វើឱ្យវិស័យទូរទស្សន៍ និងសារព័ត៌មាន មានភាពទំនើប ប្រកបដោយគុណភាព និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងអាចទុកចិត្តបានជូនប្រជាពលរដ្ឋ។ ដូច្នេះការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងការរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន គឺត្រូវធ្វើឡើងដោយឈរលើមូលដ្ឋាន ភូមិសាស្រ្ត វិទ្យាសាស្ត្រ និងបរិបទ ហើយការរៀបចំនេះដោយឈរលើប្រវត្តិច្បាស់លាស់ បញ្ហាប្រឈម ភាពត្រឹមត្រូវដែលយើងត្រូវយកមកអនុវត្តន៍ និងការសម្រេចចិត្តមួយដោយឈរលើមូលដ្ឋាននៃការពិចារណាយ៉ាងច្បាស់លាស់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ។ 

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេស គ.ប.ក បានធ្វើរបាយការណ៍សង្ខេបពីដំណើរការអនុវត្តគម្រោងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ និងការរៀបចំឯកសារក្របខ័ណ្ឌទស្សនាទានទាំងពីរ និងលើកបង្ហាញពីឯកសារក្របខ័ណ្ឌទស្សនាទានសម្រាប់ការរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌ ។

លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍ និងជាសមាជិកក្រុមការងារបច្ចេកទេស គ.ប.ក បានលើកបង្ហាញពី

ឯកសារក្របខ័ណ្ឌទស្សនាទានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ ឌីជីថល ។ លោកប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត គឺជាកម្លាំងចលករជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទាំងវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ ក៏ដូចជាវិស័យទូរគមនាគមន៍ សេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។ វឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល បានក្លាយទៅជាគោលដៅដ៏សំខាន់របស់ប្រទេសជាច្រើននៅលើសកលលោកក្នុងការអភិវឌ្ឍទូរទស្សន៍ឌីជីថល តាមរយៈការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព គុណភាព វិសាលភាព និងល្បឿននៃ ការបញ្ជូនទិន្នន័យ មាតិកាផ្សាយ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងការចូលរួមពីធុរជនក្នុងប្រតិបត្តិការ អាជីវកម្មលើវិស័យប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍។

ការអភិវឌ្ឍទូរទស្សន៍ឌីជីថល មិនត្រឹមតែធ្វើការកែលម្អការអភិវឌ្ឍបច្ចេកវិទ្យាការផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេស និងឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុង ការនាំយកមាតិកា និងខ្លឹមសារទៅដល់ប្រជាពលរដ្ឋតាមគ្រប់ទម្រង់ និងគ្រប់ទិសទីផ្អែកលើគោលការណ៍” ថ្មី ពិត លឿន ទូលំទូលាយប្រកបដោយ ជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់ទៅគ្រប់មជ្ឈដ្ឋាន ”៕