ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ ដែលបានបង្ហាញពីតួនាទី ភារកិច្ចប្រកបដោយការទទួល ខុសត្រូវខ្ពស់ នាំឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត

(ភ្នំពេញ)៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ ដែលបានដំណើរការមករយៈពេលពេញ ១ថ្ងៃ
ទី២១ រួចមក បានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។ អង្គសន្និបាតក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់។

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ជម្រាបជូនពីដំណើរការនៃអង្គសន្និបាត បានពិភាក្សា និងស្ដាប់បទបង្ហាញពីក្រុមពិភាក្សាទាំង៦ ដោយបានបង្ហាញ ពីស្ថានភាពនៃការអនុវត្តជាក់ស្ដែង និងបញ្ហាប្រឈមដែលនៅសេសសល់ ហើយស្វែងរក ដំណោះស្រាយ និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់កំណត់ទិសដៅអនុវត្តនាពេលខាងមុខ ៦រួមមាន៖ ១. វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ២. វឌ្ឍនភាព នៃការពង្រឹង គុណភាព ការផ្តល់សេវាសុខាភិបាល
៣. ពង្រឹងការអនុវត្តមុខងារអប់រំ នៃរដ្ឋបាលក្រុង-ស្រុក ៤.ការគ្រប់គ្រងតំបន់ការពារអភិរក្សធនធានធម្មជាតិ និងបរិស្ថាន និងការលើកកម្ពស់វិស័យទេសចរណ៍ ៥.ប្រសិទ្ធិភាពនៃការអនុវត្តគម្រោងមូលនិធិក្រុង-ស្រុកនិង ឃុំ-សង្កាត់ ៦. ការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង-ស្រុក និងការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់និងដីចំណីផ្លូវ ។
អង្គសន្និបាតបានដាក់ចេញនូវវិធានការដោះស្រាយ ដោយខិតខំជំរុញពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព និងសំណូមពរដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជួយគាំទ្របណ្ដុះបណ្ដាល បំពាក់បំប៉នសមត្ថភាព ចំណេះដឹង បច្ចេកទេសបន្ថែមដល់កម្លាំងសមត្ថកិច្ចជំនាញ និងការផ្ដល់នូវមធ្យោបាយ ឧករណ៍ សម្ភារចាំបាច់នានាសំដៅកាត់បន្ថយ និង ឈាន ទៅលុបបំបាត់ទាំងស្រុងនូវបទល្មើសនៅទូទាំងខេត្ត។ ជាមួយគ្នានេះ អង្គសន្និបាត បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ និងបទល្មើសឆបោក តាម ប្រព័ន្ធ អនឡាញ (ONLINE SCAMS)គ្រប់ទម្រង់ដើម្បីលុបបំបាត់មិនឱ្យមាននៅក្នុងខេត្ត។
សម្រាប់ទិសដៅអនុវត្តការងារឆ្នាំ២០២៦ អង្គសន្និបាតបានប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង ស្មារតី សាមគ្គីភាព របៀបរបបធ្វើការងារ លើកកម្ពស់ស្មារតីទទួលខុសត្រូវតាមតួនាទីភារកិច្ច និង ការចាត់តាំង ដើម្បីពុះពារ ដោះស្រាយរាល់បញ្ហាប្រឈមនានា សំដៅបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុ ខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំបន្តជំរុញការអភិវឌ្ឍខេត្តលើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាពិសេសការចូលរួម អនុវត្ត សម្រេចឱ្យបានជោគជ័យតាមផែនការ អភិវឌ្ឍខេត្ត រយៈពេល ៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងការដាក់ចេញនូវការអភិវឌ្ឍ វិស័យ អាទិភាព សំខាន់ៗរបស់ខេត្ត។

ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់នៅក្នុងកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងការខិតខំប្រឹងប្រែងបំពញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេសខិតខំពុះពារជំនះនូវឧបសគ្គនិងការលំបាក រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនដូច ដែលមានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ។ សមិទ្ធផល និងស្នាដៃដែលសម្រេចបាននេះ ពិតជាបានធ្វើឱ្យខេត្តក្រចេះ មានការប្រែមុខមាត់ថ្មីនិងកាន់តែមានការអភិវឌ្ឍជឿនលឿនទៅមុខ និងចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងដំណើរការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្មទេសចរណ៍ និងការវិនិយោគ៕