ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញលើកទឹកចិត្តដល់បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជាមកបំរើប្រទេសខ្លួនវិញ ហើយសូមកុំភ្លេចជាតិរបស់ខ្លួន គ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ,
ការខិតខំប្រឹងប្រែងសិក្សាឲ្យទទួលបានលទ្ធផលល្អ គឺដើម្បីនាំយកមកនូវកិត្តិយសជូនខ្លួនឯងផ្ទាល់ ដល់ក្រុមគ្រួសារ និងប្រទេសជាតិ,
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា នៅពេលដែលយើងប្រព្រឹត្តល្អ ធ្វើល្អ ដូចជាធ្វើបុណ្យឲ្យឳពុក ម្តាយ របស់យើង,ពេលដែលយើងខំប្រឹងប្រែងរៀនសូត្រសម្រេចគោលបំណងរបស់គាត់ គឺដូចជាធ្វើបុណ្យកឋិន ៧វត្តជូនគាត់ ហើយគាត់សប្បាយចិត្តណាស់,
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអនុញ្ញាតឲ្យបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ៣២រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីជាពុទ្ធិបន្ថែមដល់ការសិក្សា ការអភិវឌ្ឍខ្លួន និងជាការលើកទឹកចិត្តដល់និស្សិតទាំងអស់គ្នា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា បេក្ខជន បេក្ខនារី ជាមន្ត្រីរាជការ និងនិស្សិត ដែលត្រូវចេញទៅបន្តការសិក្សានៅក្រៅប្រទេសគឺជាធនធានមនុស្សដ៏សំខាន់ និងជាអ្នកបន្តវេន ក្នុងការដឹកនាំក្រសួង ស្ថាប័ន និងប្រទេសជាតិ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការចែករំលែកបទពិសោធន៍សំខាន់ៗពាក់ពន្ធ័ការសិក្សាស្រាវជ្រាវ និងបរិបទបែបណាខ្លះថាតើត្រូវធ្វើអ្វីដើម្បីចូលរួមកសាងប្រទេសជាតិឲ្យបានកាន់តែរីកចម្រើន។
ឯកឧត្តម បានធ្វើរំលឹកពីប្រវត្តិសាស្រ្តមួយចំនួនដែលកម្ពុជាបានឆ្លងកាត់ជាច្រើនតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព ដោយក្នុងនោះបើពិនិត្យមើលអំពីធនធានមនុស្សរបស់កម្ពុជាកាលពីឆ្នាំ១៩៧៩ ស្ថានភាពកាលនោះ គឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះ គឺពិតជាលំបាក ។ ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺជាដំណាក់កាលពង្រឹងខ្លួន កសាងធនធានមនុស្ស ដោយធ្វើយ៉ាងមិចឲ្យមានអ្នកចេះដឹងច្រើន ។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាដំណាក់កាលនៃការពង្រីកការអភិវឌ្ឈធនធានមនុស្ស ។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ គឺជាដំណាក់កាលនៃការពង្រឹងបរិមាណ និងគុណភាព ដែលនិយាយពីមូលធុនមនុស្ស សំដៅលើមនុស្សដែលជាធនធាន មានចំណេះដឹង មានសមត្ថភាព ស្នាដៃ និងសុខភាព ។ ដូច្នេះបើពិនិត្យជារួមក្នុងដំណើររយៈពេលជាង ៤០ឆ្នាំនេះ គឺកម្ពុជាបានកសាងប្រទេសចាប់តាំងពីបាតដៃទទេ ព្រោះអ្នកចេះដឹងដែលមាននៅមុនឆ្នាំ១៩៧៩ ត្រូវបានខ្មែរក្រហមសំលាប់ចោល ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំប្រទេសរហូតមកដល់ពេលបច្ចុប្បន្ននេះ បានកសាងធនធានមនុស្សបានយ៉ាងច្រើន ប្រកបដោយសមត្ថភាពខ្ពស់ ហើយសម្រាប់បងប្អូនជានិស្សិត បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសគឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវត្រឡប់មកជួយប្រទេសជាតិខ្លួនវិញ ។ ដូច្នេះត្រូវប្រើប្រាស់ពេលវេលាឲ្យបានច្រើន សិក្សាដកស្រង់បទពិសោធន៍ប្រទេសគេក្នុងកិច្ចការងារ ទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ការងារបានលឿនសម្រាប់យើង ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ចំណេះវិជ្ជា ចំណេះជំនាញឲ្យច្បាស់លាស់ ហើយត្រូវមាន ភាពស្មោះត្រង់ ជំនឿទុកចិត្ត និងការអំណត់ព្យាយាមក្នុងការបំពេញកិច្ចការងារ ។ ជាមួយគ្នានេះដែរត្រូវថែរក្សាសុខភាពឲ្យបានល្អ ពង្រឹង សាមគ្គីភាព ក្នុងនាមជាតិសាសន៍តែមួយ រក្សាក្តេរ៍ឈ្មោះ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ពិសេសខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិជ្ជាមកបំរើប្រទេសខ្លួនវិញ ។ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្អូនៗយុវជនដែលជាអ្នកបន្តវេន សូមកុំបំផ្លាញនូវអ្វីដែលជាសមិទ្ធិផលរបស់អ្នកចាស់ខិតខំកសាង និងរក្សាបាននាពេលបច្ចុប្បន្ននេះ “ រក្សាចាស់ បង្កើតថ្មី “ ។
តាមការបញ្ជាក់របស់តំណាងបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ គឺមានចំនួន ៣២រូប ដែលត្រូវសិក្សាថ្នាក់អនុបណ្ឌិត ២៨រូប និងថ្នាក់បណ្ឌិត ៤រូប ។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះដែរ រដ្ឋាភិបាលនូវែលសេឡង់បានសម្រេចផ្តល់អាហារូបករណ៍ថ្នាក់ ក្រោយឧត្តមសិក្សាដល់បេក្ខជន-បេក្ខនារី លើមុខវិជ្ជាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀងអាហារនិងកសិកម្ម ថាមពលកកើតឡើងវិញ អភិបាលកិច្ច និង ការបង្រៀនភាសាអង់គ្លេស ដើម្បីចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ទាប់ពី បញ្ចប់ការសិក្សា និស្សិតជ័យលាភីទាំងអស់នឹងត្រូវត្រលប់មកបម្រើជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ និងសក្តានុពលជំនាញរៀងៗខ្លួន៕



