ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួល អំណោយអង្ករចំនួន ២៥តោន ទឹកសុទ្ធ ៣០០កេស និងបបរសណ្តែក ២០០កេស ពី លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ដើម្បីចែកជូនដល់វីរកងទ័ព័នៅតាមព្រំដែន និងជនភៀសសឹក ដោយការឈ្លានពានរបស់យោធាថៃ,
(ភ្នំពេញ)៖ អំណោយជាស្បៀងអាហាររួមមាន អង្ករចំនួន ២៥តោន ទឹកសុទ្ធ ៣០០កេស និងបបរសណ្តែក ២០០កេស របស់លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្ត្រាក់សិនគ្រុប ឯ.ក និងលោកស្រី ឆាយ លីណា អគ្គនាយករងវិទ្យុជាតិកម្ពុជា បាននាំយកមកជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីយកចែកជូនដល់វីរកងទ័ព័នៅតាមព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសខ្លួន ដែលរត់គេចពីការឈ្លានពានរបស់យោធាថៃ កំពុងស្នាក់នៅណ្តោះអាសន្នក្នុងជំរុំភៀសសឹកតាមបណ្តាខេត្ត មានកើនឡើងដល់ប្រមាណ ៤៣មុឺននាក់។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា ព្រមទាំងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនអូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិនគ្រុប ឯ.ក ដែលបានផ្តល់ជំនួយជាអង្ករចំនួន ២៥តោន ទឹកសុទ្ធ ៣០០កេស និងបបរសណ្តែក ២០០កេស មកក្រសួងព័ត៌មាន ។
ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ លោកបណ្ឌិត លោកស្រី និងក្រុមគ្រួសារ លើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់អំណោយទាំងអស់នេះ ក្រសួងព័ត៌មាន នឹងបានបែងចែកដល់វីរកងទ័ពនៅតំបន់ជួរមុខ ដែលកំពុងធ្វើការប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដី និងចែកជូនដល់ប្រជាជននៅក្នុងជំរុំភៀសសឹកតាមបណ្តាខេត្តមួយចំនួន ។ ឯកឧត្តម បានលើកឡើងថា ការផ្តល់នូវអំណោយជាស្បៀងអាហារនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំលែកការលំបាកជាមួយប្រជាពលរដ្ឋភៀសសឹក ក្នុងពេលស្ថានភាពព្រំដែនបន្តទទួលការឈ្លានពានពីកងទ័ពថៃ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមជូនពរ លោកបណ្ឌិត លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក បណ្ឌិត ភីតថឺ លី មានប្រសាសន៍ថា អំណោយដែលផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះ គឺធ្វើឡើងក្នុងបុព្វេហេតុមនុស្សធម៌ និងជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក នឹងកំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាព និងវីរកងទ័ពនៅសមរភូមិមុខ ដែលកំពុងឈរជើងពារខ្មាំងឈ្លានពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា បានយ៉ាងរឹងមាំ។
គួររំលឹកដែរថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្ត្រាក់សិនគ្រុប ឯ.ក បានផ្តល់នូវអង្ករជាច្រើនតោន ដល់ក្រសួងព័ត៌មាន ដើម្បីជាការគាំទ្រដល់កិច្ចការមនុស្សធម៌ និងកិច្ចគាំពារដល់មន្ត្រី ដែល ឯកឧត្តម រដ្ឋមន្ត្រី តែងតែផ្តល់ជូននូវស្បៀងអាហារប្រចាំខែសម្រាប់សម្រាលបន្ទុកដល់អ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាព។
នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានផ្តល់ការគាំពារដល់មន្ត្រីជាប្រចាំប្រមាណជាង ៣០០នាក់ ក្នុងមួយខែៗ ដោយបានផ្តល់នូវអង្ករ និងត្រីខ ដើម្បីជួយសម្រាលជីវភាព។ ជាមួយនេះ ក្រសួងព័ត៌មាន ក៏បានគិតគូរខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការ និងបងប្អូនអ្នកសារព័ត៌មាន ដោយ ក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព សម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងក្រុមគ្រួសារថែមទៀតផងដែរ៕



