ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការរៀបចំឯកសារទស្សនាទាន សម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការរៀបចំឯកសារទស្សនាទាន សម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន,
( ភ្នំេពេញ )៖ កិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការរៀបចំឯកសារទស្សនាទាន សម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលប្រជុំទីស្តីការក្រសួង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ តំណាង គណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (គ.ប.ក.) របស់ក្រសួងព័ត៌មាន បានជម្រាបជូនពីដំណើរការរៀបចំឯកសារក្របខណ្ឌ ទស្សនទានស្តីពីការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងគោលបំណងដើម្បីធានានូវស្ថេរភាពលំហព័ត៌មាន និងសន្តិសុខព័ត៌មាន,ធានាបាននូវការគ្រប់គ្រងសាធារណមតិជាតិ និងអន្តរជាតិ,ធានាដល់សណ្តាប់ធ្នាប់សារព័ត៌មាន សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារវាយតម្លៃផលប៉ះពាល់ លិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា បានលើកឡើងពីស្ថានភាពនៃការអនុវត្ត និងការ វាយតម្លៃការរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥។ ការសិក្សា និងរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មានគោលបំណងដើម្បី៖ ធានាភាពសមស្របនឹងបរិបទសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសក្នុងយុគសម័យ ឌីជីថល និងបញ្ញាសិប្បនិម្មិត បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងលើកកម្ពស់សេរីភាព សារព័ត៌មាន ដោយផ្អែកលើទំនួលខុសត្រូវវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម និងគោលការណ៍ប្រកបដោយចីរភាព បង្កើតមូលដ្ឋានបន្ថែមសម្រាប់ការអនុវត្ត និងការត្រួតពិនិត្យសកម្មភាពសារព័ត៌មាន ដើម្បីធានាបាននូវភាពជាក់លាក់ និងជំនឿជឿជាក់សម្រាប់ប្រជាពលរដ្ឋ គាំទ្រគោលនយោបាយរដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរទៅសេដ្ឋកិច្ចឌីជីថល និងការកែលម្អរបបគ្រប់គ្រងព័ត៌មានសាធារណៈ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ ការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញដោយមិនមានការធ្វើវិសោធនកម្មច្បាប់ចាស់ទេ ប៉ុន្តែការធ្វើច្បាប់ថ្មីគឺមិនចោលច្បាប់ចាស់នោះដែរ ទុកច្បាប់ចាស់ជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនូវច្បាប់ថ្មី ។
ការធ្វើច្បាប់ថ្មីនេះឡើងស្របតាមការវិវត្តនៃសង្គម និងបច្ចេកវិទ្យា លើកកម្ពស់ប្រសិទ្ធិភាពគ្រប់គ្រង សង្គតិភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តជាតិ និងគោលការណ៍អន្តរជាតិ។
កិច្ចការងារដ៏សំខាន់នេះ ធ្វើឡើងក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល យ៉ាងឆាប់រហ័ស ទាំងនៅក្នុងនិងក្រៅ ប្រទេស ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ចាំបាច់ត្រូវមានការធ្វើបច្ចុប្បន្នភាពឱ្យស្របតាមការវិវិត្តនៃសកល ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន ៕




