ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មុននឹងចុចប៊ូតុងផ្សាយត្រូវគិតថាព័ត៌មាននោះមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់របស់យើងដែរឬទេ?

បើសិនជាយើងមានព័ត៌មានអ្វីចេះតែផ្សាយ ចាំគេប្រតិកម្មតប ចាំគេបកស្រាយតប យើងគឺជាអ្នកចូលរួមក្នុងការបំពុលសង្គមវិញទេ,
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកសារព័ត៌មាន គឺដើរតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព និងផ្តល់សុវត្ថិភាពទៅដល់សាធារណជនជាអ្នកប្រើប្រាស់,
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោក ស្រី Nhishaeni Parmanadan តំណាង ក្រុម ហ៊ុនទីភ្នាក់ងារព័ត៌មាន Viory ប្រចាំ តំបន់ អាស៊ី និង ក្រុម ការ ងារ Viory មក ពី ប្រទេស អារ៉ាប់ អេមីរ៉ាត់ រួម ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការធានាសុចរិតភាព និងភាពត្រឹមត្រូវនៃព័ត៌មាន គឺជាការចាំបំផុតសម្រាប់អ្នកសារព័ត៌មាន ដែលត្រូវតែផ្តល់ព័ត៌មានបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងគួរឱ្យទុកចិត្ត ដើម្បីបង្កើនស្មារតីទុកចិត្តរបស់សាធារណជន។ ដូច្នេះហើយ ឯកឧត្តម ស្នើដល់ស្ថាប័ន អង្គភាពសារព័ត៌មានទាំងអស់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់ថាតើ ព័ត៌មានវីដេអូ រូបភាព និងសំឡេងទាំងនោះ តើវាពិតប្រាកដ ឬជាការបង្កើតដោយប្រព័ន្ធ AI មុននឹងបង្ហោះផ្សព្វផ្សាយ។ តាមរយៈនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ត្រូវបន្តពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីរត់អោយទាន់ការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសត្រូវមានការយល់ដឹង និងការប្រើប្រាស់ បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចេកវិទ្យាជាកាំបិតមុខពីរ ផ្តល់ប្រយោជន៍ឲ្យយើង ក៏ប៉ុន្តែវាក៏បំផ្លាញយើងវិញដែរ, វិទ្យាសាស្រ្តគឺជាកាំបិតមុខពីរ បម្រើមនុស្សផង បំផ្លាញមនុស្សផង ដើម្បីឲ្យវិទ្យាសាស្ត្របម្រើមនុស្ស វាត្រូវតែប្រើប្រាស់ប្រកបដោយសីលធម៍ ។ ដោយឡែកនៅក្នុងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន គឺនិយាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ។

គួរបញ្ជាក់ដែរថា សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ ធ្វើឡើងរយៈពេល ២ថ្ងៃ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងចំណេះដឹងអំពីការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូនិងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយ ប្រសិទ្ធភាព។
សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលាសរុបចំនួន ៥០នាក់ មកពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ៦នាក់,
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៦នាក់,
អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ៦នាក់,អគ្គនាយយដ្ឋានព័ត៌មាន និងសោតទស្សន៍ ៦នាក់,អគ្គនាយយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ចំនួន៦នាក់, និងអង្គភាពសារព័ត៌មានឯកជន ២០អង្គភាពចំនួន ២០នាក់ ៕