ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត ( AI ) ក្នុងប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព
( ភ្នំពេញ )៖ សិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមាន លោកស្រី Nhishaeni Parmanadan តំណាងក្រុមហ៊ុន Viory ប្រចាំតបន់អាសុី និងវាគ្មិន ក្រុមការងារមកពីប្រទេស អេមីរ៉ាត់អារ៉ាប់រួម។
សិក្ខាសាលានេះធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងចំណេះដឹងអំពី ការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូនិងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយ ប្រសិទ្ធភាព។
សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងសិក្ខាសាលាសរុបចំនួន ៥០នាក់ មកពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ៦នាក់,អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៦នាក់,អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា៦នាក់,អគ្គនាយយដ្ឋានព័ត៌មាន និងសោតទស្សន៍ ៦នាក់,អគ្គនាយយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ចំនួន៦នាក់,និងអង្គភាពសារព័ត៌មានឯកជន ២០អង្គភាពចំនួន ២០នាក់ ៕





