ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់សាធារណជនទូទៅ ជាពិសេសបងប្អូនអ្នកសារព័ត៌មាន មេត្តាបន្តចូលរួមទាំងអស់គ្នា ដោយមិនបង្កើតព័ត៌មានក្លែងក្លាយ មិនចែកផ្សព្វផ្សាយ និងត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ,
ការចូលរួមនេះដើម្បីធ្វើឱ្យកម្ពុជាមិនត្រូវបានបំពុលដោយព័ត៌មានក្លែងក្លាយរបស់ក្រុមជនមួយចំនួន, ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត! ករណីរកឃើញថាមានព័ត៌មានក្លែងក្លាយ, សូមកុំរំលង! អ្នកអាចចូលរួមកម្ចាត់ លុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយនោះដោយផ្តល់នូវការព័ត៌មានពិត ត្រឹមត្រូវ និងជឿទុកចិត្តបានប្រកបដោយប្រភពច្បាស់លាស់ជារូបភាព ជាសំណេរ ឬជាវីដេអូ។
ចំណុចសំខាន់ៗទាក់ទងព័ត៌មានក្លែងក្លាយនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មាន ក្លែងក្លាយ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីតម្រង់ទិសលើការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមាននិន្នាការកើនឡើងក្នុងរយៈពេល ៥ខែចុងក្រោយនេះជាពិសេសព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាជម្លោះព្រំដែន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ពិនិត្យឃើញថា ដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌មានមិនពិតទាក់ទងនឹងជម្លោះព្រំដែន មានចំនួន ២ ៨១០ករណី ក្នុងនោះការបំភ្លៃខុសពីការពិត ការប្រឌិតព័ត៌មានទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនសរុប ២ ១២២ ករណី។ ក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ, គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មាន បានដាក់ចុះនូវវិធានការជាច្រើន ដោយអនុវត្តអភិក្រម «ពន្លត់ភ្លើង មិនអង្គុយបកផ្សែង»
ដោយរួមមាន -ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានដែលមាន (និងកំពុងធ្វើបច្ចុប្បន្នភាព) -ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយដាក់ឱ្យគោរពនិងអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន -បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម -ការផ្តល់នូវចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន -ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់សង្គម -ការធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេស និងការកសាងយន្តការពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ -បានចលនាបណ្តាប្រទេសផ្សេងៗក្នុងតំបន់ក្នុងការរៀបចំយន្តការថ្នាក់តំបន់ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយក្រោមការជំរុញការងារ«ការទូតព័ត៌មាន» -បង្កើនប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពីប្រភពផ្លូវការ និងយន្តការបញ្ចេញព័ត៌មាននិងការឆ្លើយតប -ការសិក្សាស្រាវជ្រាវដើម្បីឈានទៅរៀបចំច្បាប់ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការងារជាច្រើនទៀតដែលក្រសួងព័ត៌មានបានធ្វើ និងកំពុងធ្វើដើម្បីពន្លត់ភ្លើង។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយ បានរំលឹក
ឡើងវិញថា, យើងមិនត្រូវទុកចន្លោះពេលវេលាច្រើនដល់ព័ត៌មានក្លែងក្លាយទេ, ទុកចន្លោះពេលកាន់តែយូរ កាន់តែមានហានីភ័យខ្ពស់ និងមហន្តរាយធំ។ ដូច្នេះ សូមប្រើប្រាស់ការបន្សាបភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត។ វិធានការមានប្រសិទ្ធភាពបំផុតក្នុងការបន្សាបព័ត៌មានក្លែងក្លាយ គឺព័ត៌មានពិត និងត្រឹមត្រូវ ៕



