ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មានឲ្យបានកាន់តែល្អបន្ថែមទៀត,
( ភ្នំេពេញ )៖ បន្ទាប់ពីបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកាលនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ គណៈកម្មការប្រឆាំងព័ត៌មាន ក្លែងក្លាយ បានបើកកិច្ចប្រជុំរបស់ខ្លួននៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ ណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ដើម្បីធ្វើការពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងលើកផែនការអនុវត្តបន្ត ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មានឲ្យបានកាន់តែរឹងមាំល្អបន្ថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បាននឹងកំពុងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ២០២៥ រហូតមកដល់ខែតុលានេះ រយៈពេល ៧ខែ។ ឯកឧត្តម បានលើកឡើងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យើងទាំងអស់គ្នាមិនត្រូវបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ។ ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមស្នើសាធារណជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់គ្នា។ រួមគ្នាកម្ចាត់ចោលព័ត៌មានក្លែងក្លាយពីសង្គមរបស់យើង!
គួររំលឹកដែរថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយចាប់ផ្តើមចេញដំណើរជាផ្លូវការ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ សម្រាប់រយៈពេល ១ឆ្នាំ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងបំផ្លាញ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។ យុទ្ធនាការនេះក៏ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមការងារតាមដានព័ត៌មានរបស់គណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មាន បានកត់ត្រាឃើញថាមានព័ត៌មានក្លែងក្លាយដែលមានចរិតញុះញង់ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង និងបំផ្ទុះចលនាបង្កអសន្តិសុខ អស្ថិរភាព បំផ្លាញសន្តិភាព និងបង្កើតទំនាស់ជាមួយសរុបចំនួន ៣៦៥១ មានការកើនឡើងចំនួន ១៤% ប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ព័ត៌មានក្លែង ហើយយុវជនជាអ្នកដែលងាយរងគ្រោះជាងគេពីផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយនេះ៕



