ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លិញ រី ត្រូវជាម្តាយក្មេក ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ,

នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លិញ រី ត្រូវជាម្តាយក្មេក ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩ និង ១៥នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
សពឧបាសិកា លិញ រី តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាន ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ គឹមហ៊ុន អតីតអគ្គនាយិការងវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារ ដោយនៅក្នុងសារលិខិតបានគូសបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន និងក្នុងនាម ឯកឧត្តមផ្ទាល់ ពិតជាមានសេចក្តី ក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង ពេលទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា លិញ រី ត្រូវជាម្តាយ ក្មេក ម្តាយបង្កើតរបស់ ឯកឧត្តម លោកជំទាវ បានទទួលមរណភាពទៅហើយ។
ការទទួលមរណភាពរបស់ ឧបាសិកា លិញ រី គឺជាការបាត់បង់ដ៏ធំធេងនូវម្តាយក្មេក ម្តាយបង្កើត បងស្រីបង្កើត និងជីដូនប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លងមក បានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ប្អូនៗ កូនៗ និងចៅៗឱ្យមានចំណេះ ដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម ជាពិសេស ក្លាយជាថ្នាក់ដឹកនាំប្រកបដោយសីលធម៌ គុណធម៌ និងសមត្ថភាព ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជា។
ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ ឯកឧត្តម រដ្ឋមន្ត្រី សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លិញ រី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕