ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងអំណរគុណដល់ក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ខេមបូឌា បានផ្តល់ថ្នាំពេទ្យ សម្ភារៈថែទាំសុខភាពយ៉ាងច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តក្រចេះ,

អំណោយជាថ្នាំពេទ្យទាំងអស់នេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស,

នេះជាលើកទី២ហើយដែល ក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ខេមបូឌា បានផ្តល់ជូននូវថ្នាំពេទ្យ និងសម្ភារៈថែទាំសុខភាព ដើម្បីយកទៅចែកជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ,

ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួប និងទទួលអំណោយថ្នាំពេទ្យ ពី លោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia ) លោក ជីវ ដេវីត ប្រធានផ្នែកទីផ្សារ និងលោក ទី សុភាព ប្រធានផ្នែកបញ្ជិការឱសថ និងគុណភាពឱសថ,នៅរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២៥ នាទីស្តីការក្រសួង។
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន United Pharma (Cambodia) Co., LTD ដែលបានឧបត្ថម្ភថ្នាំ Decolgen សម្រាប់ព្យាបាល អាការ: ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ ក្តៅខ្លួន ចំនួន ៦០០ប្រអប់, Alaxan FR សម្រាប់បំបាត់ការឈឺចាប់គ្រប់ប្រភេទ ដូចជា ឈឺខ្លួនប្រាណ ឈឺក្បាល ឈឺធ្មេញ ឈឺចង្កេះ និង ចុករោយដៃ ជើង ចំនួន ៤០០ប្រអប់ និងសំឡីអនាម័យ pH Care pads ចំនួន ២.០០០ដុំ មកក្រសួងព័ត៌មាន ទុកសម្រាប់យកទៅចែកជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តក្រចេះ។
ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់ទុកថា ការផ្តល់នូវថ្នាំពេទ្យពីក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) ដល់ក្រសួងព័ត៌មាន គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដី ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។

លោក Michael Reyes បានគូសបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុន United Pharma (Cambodia) ជាមួយក្រសួងព័ត៌មាន ក្នុងការផ្តល់ថ្នាំពេទ្យព្យាបាលជំងឺទៅឲ្យកងទព័នៅតំបន់ជួរមុខ គឺជាការគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ព ។ សកម្មភាពមនុស្សធម៌របស់ក្រសួងព័ត៌មានគឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុនក្នុងការធ្វើយ៉ាងមិចធ្វើឲ្យសុខមាលភាពរបស់ប្រជាជនកម្ពុជាបានកាន់តែល្អប្រសើរឡើង ផ្តើមចេញពីមនុស្សម្នាក់ៗ និងជាការបង្ហាញនូវសាមគ្គីភាពរវាងខ្មែរ ជួយខ្មែរ ពិសេសផ្សារភ្ជាប់ជាមួយបងៗកងទ័ពនៅនៅជួរមុខ ។
«ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់កាន់តែមានស្មារតីអង់អាចក្លាហាន ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត»៕